ភ្នំពេញៈ នាវេលាម៉ោង០១និង០០នាទីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តធុនធំមួយគ្រឿង ពាក់ស្លាកលេខកំពង់ស្ពឺ3A-7856 បើកបរកៀរជាមួយនឹងរថយន្តមួយគ្រឿងទៀត ពាក់ស្លាកលេខកម្ពុជា D16.LLAR បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្ដោយសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តទាំងពីរគ្រឿងខាងលើនោះ បើកបរធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុនៅក្រោមស្ពានអាកាសផ្សារដីហុយ ក៏បានកៀរគ្នា បណ្តាលឲ្យរថយន្តពណ៌ខ្មៅ រងការ ខូចខាត ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ពុំមានមនុស្សរងរបួសនោះទេ គ្រាន់តែរងការខូចខាតតែរថយន្តប៉ុណ្ណោះ ។
បន្ទាប់ពីកើតហេតុ ភាគីទាំងពីរបានធ្វើការចរចាគ្នាជាជំហានបឋមសិន ប៉ុន្តែក្រុមការងារ Post News យើងខ្ញុំមិនទាន់ដឹងច្បាស់ថា ការចរចានោះ មានដំណោះស្រាយយ៉ាងណានោះទេ ។ រីឯកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋាន ក៏បានចុះទៅអន្តរាគមន៍ផងដែរ ហើយទុកឲ្យភាគីទាំងពីរធ្វើការចរចាគ្នា ។ សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នោះ គ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ក្រុមការងារយើងខ្ញុំមិនទាន់ពីដំណោះស្រាយច្បាស់នោះទេ ៕





មតិយោបល់