ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងបើករថយន្តលឿនជ្រុលចង្កូតបុកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នាវេលាម៉ោង ១២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ មានករណីបុរសម្នាក់ស្រវឹងបើករថយន្តលឿនជ្រុលចង្កូតបុកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ស្ថិតតាមបណ្ដោយផ្លូវព្រះសីហនុ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងជោកជាំ បើកបររថយន្តមួយគ្រឿងម៉ាក លុចស៊ីសRX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-9386 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន។ លុះដល់ចំណុចកើតហេតុរថយន្តនោះ ក៏បានរេចង្កូតទៅខាងឆ្វេងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់មួយផ្ទាំង ចំណែកឯរថយន្តបានក្រពឹត និងបាក់ក្រឡេកង់ខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួច រីឯអ្នកបើកបររថយន្តគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ក៏បានចុះធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយជាបន្តទៀត៕




មតិយោបល់