ព័ត៌មានជាតិ

រថយន្តតូយ៉ូតា អាល់ហ្វាត បុកម៉ូតូម៉ាកហុងដាវ៉េវមួយគ្រឿង បណ្តាលឲ្យរងរបួសធ្ងន់២នាក់

ពោធិ៍សាត់: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៨ និង៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត តូយ៉ូតា អាល់ហ្វាត បុកម៉ូតូម៉ាកហុងដា វ៉េវ បណ្តាលឲ្យបុរស២នាក់ រងរបួសធ្ងន់ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ ១២២-១២៣ ភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានបុរស០២នាក់ ជិះម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ខៀវ ពាក់ស្លាកលេខ ពោធិ៍សាត់ 1C-2568 ឌុបគ្នា ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះដល់កន្លែងកើតហេតុខាងលើ ត្រូវរថយន្តម៉ាក តូយ៉ូតា អាល់ហ្វាត ផលិតឆ្នាំ២០០៩ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-6466 ធ្វើដំណើរពីលិចទៅកើត ក្នុងទិសដៅច្រាសគ្នា បុកយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ រងរបួសធ្ងន់ ក្រោយពេលកើតហេតុអ្នកបើកបររថយន្ត បានរត់គេចខ្លួន បន្សល់ទុករថយន្តនៅនឹងកន្លែង ។

លោកវរសេនីយ៍ឯក ធាង ឡេង អធិការ នៃអធិការដ្ឋាននរគបាលស្រុកវាលវែង បានបញ្ជាក់ឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីប្រភព កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ សម្រួលចរាចរណ៍ និងសង្គ្រោះជនរងគ្រោះ ។ លោកអធិការបានបន្តថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងពី កត្តារថយន្តប្រើប្រាស់ល្បឿន មិនប្រកាន់ស្ដាំ តុល្យភាពនៃការខូចខាត របួសធ្ងន់០២នាក់ ខូចម៉ូតូ០១គ្រឿង និងរថយន្ត០១គ្រឿង ។ ចំពោះជនរងគ្រោះទី១មានឈ្មោះ រឿង រៀម ភេទប្រុស អាយុ ៤៩ ឆ្នាំ ជាអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ និងទី២មានឈ្មោះ យ៉ាម អឿន ភេទប្រុស អាយុ ៦១ ឆ្នាំ ជាអ្នករួមដំណើរ រងរបួសធ្ងន់ អ្នកទាំងពីរ រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

បច្ចុប្បន្នជនរងគ្រោះទាំង០២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពប្រម៉ោយ រីឯវត្ថុតាងរថយន្ត និងម៉ូតូ សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រងចាំការដោះស្រាយ ៕

មតិយោបល់