ព័ត៌មានជាតិ

ក្រុមជនសង្ស័យចំនួន០៤នាក់ ត្រូវកម្លាំងសមត្ថកិច្ចល្បាតឃាត់ខ្លួនបន្តបន្ទាប់គ្នា ករណីធ្វើសកម្មភាពឆក់ខ្សែកស្រ្តីម្នាក់កំពុងជិះម៉ូតូ

ភ្នំពេញ: យោងតាមផេក អធិការដ្ឋាននគរបាលខណ្ឌកំបូល បានឲ្យដឹងថា ករណីលួចមានស្ថានទម្ងន់ទោស ដោយក្រុមជនសង្ស័យ០៤នាក់ប្រព្រឹត្តិអំពើហិង្សា ឆក់យកខ្សែកស្រ្តីម្នាក់កំពុងជិះម៉ូតូ នៅចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១៣និង៣០នាទី ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល ។

នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១៥និង៣០នាទី សមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានល្បាតក្នុងមូលដ្ឋានដល់ចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបក្រុមជនសង្ស័យ ភ្លាមនោះសមត្ថកិច្ចឃាត់បានជនសង្ស័យចំនួនពីរនាក់ ឈ្មោះ ខេន វិច្ឆិកា និងឈ្មោះ សន វាសនា បើកម៉ូតូម៉ាកប៊ីត ពណ៌ខៀវលាយស សេរី២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 1H-1725 ។ ពេលសាកសួរ ជនសង្ស័យទាំងពីរនាក់នោះបានសារភាពថា «កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១៣និង៣០នាទី ពួកខ្លួន និងបក្ខពួក (មានឈ្មោះ ករុណា, ច្រាំង, រដ្ឋា ) បានធ្វើសកម្មភាព ឆក់យកខ្សែក ពីមនុស្សស្រីម្នាក់ កំពុងជិះម៉ូតូម៉ាកប៊ីត ពណ៌ខ្មៅ មិនចាំសេរី នៅតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ។

បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់រួចមក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១១និង៣០នាទី កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក ទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ សុវណ្ណ ករុណា ភេទប្រុស អាយុ១៨ឆ្នាំ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ នាំយកមកសាកសួរបន្ត និងវេលាម៉ោងប្រហែល ១៦និង៤០នាទី កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ រៀម បូពា ហៅ ច្រាំង ភេទប្រុស អាយុ១៨ឆ្នាំ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ នាំយកមកសាកសួរបន្ត ។

ឃាត់ជនសង្ស័យចំនួន០៤នាក់៖ ទី១-ឈ្មោះ ខេន វិច្ឆិកា ហៅ វិច្ឆិកា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិត្រពាំងគរ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន) ។ ទី២-ឈ្មោះ សន វាសនា ហៅ ស្នា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិត្រពាំងគរ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន)
។ ទី៣-ឈ្មោះ សុវណ្ណ ករុណា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន) ។ ទី៤-ឈ្មោះ រៀម បូពា ហៅ ច្រាំង ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន) ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់