ព័ត៌មានជាតិ

បង្រ្កាបក្មេងទំនើង២នាក់ ក្រោយធ្វើសកម្មភាព ដេញវាយទៅលើជនរងគ្រោះ២នាក់

ពោធិ៍សាត់: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០១និង០៥នាទីយប់ មានករណីក្មេងទំនើងដេញវាយគ្នា នៅចំណុចផ្លូវកៅស៊ូកែងទៅឃុំតាលោ ស្ថិតនៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ បានដើរល្បាតពេលយប់មកដល់ចំណុចផ្លូវកៅស៊ូកែងទៅឃុំតាលោ ក៏បានជួបនឹងក្មេងទំនើងមួយក្រុម មានគ្នាពី៥ទៅ៦នាក់ ជិះម៉ូតូចំនួន៤ គ្រឿង បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះចំនួន០២នាក់៖ ទី១–ឈ្មោះ សេម សៀងហៃ ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិដើមជ្រេស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវក្បាល (រងរបួសស្រាល) នឹងទី២–ឈ្មោះ យុង ស៊ីណា ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិបត់គគីរថ្មី ឃុំអូរតាប៉ោង ស្រុកបាកានខេត្តពោធិ៍សាត់ ត្រូវភ្នែក (រងរបួសស្រាល) ក្រោយពីធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ ភ្លាមនោះកម្លាំងប៉ុស្តិ៍បឹងខ្នារ បានធ្វើការដេញឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់៖
ទី១–ឈ្មោះ យោត ភ័ក្រ ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិអូរព្រាល ឃុំមេទឹក ស្រុកបាកានខេត្តពោធិ៍សាត់ ។ ទី២–ឈ្មោះ ហម សីហា ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិកោះខ្សាច់ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ នឹងម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ សេរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1K-1330 ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមទាំងម៉ូតូ០១គ្រឿង សមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីសាកសួររឿងហេតុ ៕

មតិយោបល់