ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីធ្វើសកម្មភាពលួចម៉ូតូ

សៀមរាបៈ យោងតាមផេក អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ តាមរយៈការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប, លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម, ដឹកនាំជំនាញដោយលោក ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី អ៊ុំ ចំរើន ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ព្រមទាំងមានការសម្របសម្រួល នីតិវិធីដោយឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ។

កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលខ្ចាស់ និងកម្លាំងប្រជាការពារ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានចុះពិនិត្យស្រាវជ្រាវរហូតឈានដល់ការ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធនឹងករណីអំពើលួចម៉ូតូកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៩និង០០នាទី នៅចំណុចវាលស្រែប្រឡាយថ្មី ស្ថិតនៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប របស់ជនរងគ្រោះឈ្មោះ យឿន ពា ភេទស្រី អាយុ ៣៧ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ជនសង្ស័យឈ្មោះ ភឹម ថៃ ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើត និងលំនៅដ្ឋានបច្ចុប្បន្ននៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះខាងលើពិតប្រាកដមែន ។

ដកហូតវត្ថុតាង: ម៉ូតូចំនួន ០១គ្រឿង សម្រាប់ប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ ។
ករណីខាងលើនេះ សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យ ទៅការិយាល័យជំនាញខេត្តសៀមរាប ដើម្បីបន្តនីតិវិធី ៕

មតិយោបល់