ព័ត៌មានជាតិ

រថយន្តស្ទូចរេចង្កូតបុកចូលតូបលក់គ្រឿងសមុទ្រ និងសំយ៉ាបផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ បញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលរថយន្តស្ទូចរេចង្កូត បុកចូលតូបលក់គ្រឿងសមុទ្រ និងសំយ៉ាបផ្ទះរបស់ប្រជាពលរដ្ឋ បណ្ដាលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងមនុស្សរងរបួសម្នាក់ បញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តស្ទូចខាងលើ ពាក់ស្លាកលេខ ភ្នំពេញ 3C-1526 ដែលបើកបរក្នុងទិសដៅពីលិចទៅកើត រហូតមកដល់ចំណុចកើតហេតុ បានរេចង្កូតបុកចូលកន្លែងលក់គ្រឿងសមុទ្រ បណ្តាលឲ្យបុរសម្នាក់រងរបួស បញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗ និងជ្រុលទៅបុកចូលសំយ៉ាផ្ទះរបស់ប្រជាពលរដ្ឋបន្តទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ទើបរថយន្តអស់ល្បឿនទៅមុខលែងរួច ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះដល់ទីតាំងឲ្យភាគីខាងរថយន្ត ធ្វើការដោះស្រាយជាមួយខាងជនរងគ្រោះមួយជំហានសិន បើមិនត្រូវគ្នានឹងវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំការដោះនៅពេលក្រោយ ៕








មតិយោបល់