កុមារីម្នាក់ដើររអិលជើងធ្លាក់ចូលទឹកស្ទឹង បណ្តាលឲ្យលង់ទឹកស្លាប់បាត់បង់ជីវិត
បាត់ដំបង: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ៩រោច ខែមិគសិរ ឆ្នាំខាលតច្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៨និង០៥នាទីព្រឹក នៅចំណុចក្រុមទី១២ ភូមិគារ១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីលង់ទឹកស្លាប់ម្នាក់ ជនរងគ្រោះឈ្មោះ ហាន រចនា ភេទស្រី អាយុ ០៥ ឆ្នាំ មានទីលំនៅភូមិគារ១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
តាមការបញ្ជាក់ពីសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា កុមារីបានដើរទៅលេងទឹកស្ទឹងពីខាងលិចផ្ទះ ចម្ងាយប្រហែល២០០ម៉ែត្រ ខណ:ពេលឪពុកម្តាយទៅលក់ឥវ៉ាន់នៅផ្សារមោងឫស្សី ទុកកូននៅជាមួយបងនៅផ្ទះ ជាហេតុបណ្ដាលឲ្យកូនស្រីដើររអិលជើងចូលក្នុងទឹកស្ទឹងជ្រៅ លង់ទឹកស្លាប់បាត់បង់ជីវិតតែម្តង ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញស្រុក សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុខាងលើ ជនគ្រោះឈ្មោះ ហាន រចនា ពិតជាលង់ទឹកស្ទឹងស្លាប់ពិតប្រាកដមែន ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់