ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និងរងរបួសធ្ងន់

ភ្នំពេញ: នាវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរស២នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងឌុបគ្នា ក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូឌ្រីមសង់ដឹកអីវ៉ាន់ មួយគ្រឿងទៀត បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់២នាក់ ស្ថិតតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ីចំណុចក្បែរស្ពានអាកាសចោមចៅ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញម៉ូតូហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1IP-6360 ជិះដោយបុរសម្នាក់ ជាអ្នកដឹកជញ្ជូនអីវ៉ាន់តាមអនឡាញ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ក្បែរស្ពានអាកាសចោមចៅ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1J-8960 ជិះដោយបុរស២នាក់ឌុបគ្នា តាមបណ្តោយផ្លូវជាតិលេខ៤ រួចបានបត់តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅបញ្រ្ចាសផ្លូវពីលិចទៅកើតក្នុងល្បឿនលឿន ពេលមកដល់ត្រង់ចំណុចកើតហេតុ ជ្រុលទៅបុកម៉ូតូឌ្រីមសង់ ជាអ្នកដឹកអីវ៉ាន់តាមអនឡាញពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ ចំណែកបុរស២នាក់ ជិះម៉ូតូបង្កហេតុឌុបគ្នាបានស្លាប់បាត់បង់ជីវិតម្នាក់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ ៕

មតិយោបល់