ព័ត៌មានជាតិ

យុវជនម្នាក់រពឹសដៃត្រូវសមត្ថកិច្ចនាំមកវាស់កម្ពស់ នៅអធិការដ្ឋាននគរបាលស្រុកគិរីវង់បានសម្រេច

តាកែវ: យោងតាមផេក អធិការដ្ឋាននគរបាលស្រុកគិរីវង់ បានឲ្យដឹងថា យុវជនម្នាក់រពឹសដៃត្រូវបានវាស់កម្ពស់ នៅអធិការដ្ឋាននគរបាលស្រុកគិរីវង់បានសម្រេច ដោយមានការយកចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្រប សម្រួលពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអមអយ្យការសាលាដំបូងខេត្តតាកែវ ក្រោយពីបានទទួលព័ត៌មានពីលោក ទេពកន មេឃុំព្រះបាទជាន់ជុំ ថាមានជនខិលខូចធ្វើឲ្យខូចខាត ដោយតេចនាម្នាក់កំពុងតែយកដុំថ្មគប់បំផ្លាញផ្ទាំងសូឡា នៅតាមដងផ្លូវលំធ្វើឲ្យខូចខាត ។

ក្រោយមកលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចាត់ លោកវរសេនីយ៍ទោ យ៉ាង តារា អធិការរងទទួលការងារយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះបាទជាន់ជុំ ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ថ្ងៃអាទិត្យ ០៣កើត ខែ បុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ២០២២ នៅវេលាម៉ោង២៣និង៤០នាទី នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យមានឈ្មោះ គង់ បាយ័ន្ដ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិ-ឃុំខាងលើបានផឹកស្រាវឹង ហើយបានយកដុំថ្មគប់ផ្ទាំងអំពូលសូឡា ដែលដាក់តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិអស់ចំនួន០៥ ផ្ទាំងខូចខាតទាំងស្រុង ( ទ្រព្យសម្បត្តិសាធារណ: ) ហើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានយកដុំថ្មគប់បំផ្លាញផ្ទាំងសូឡា តាមដងផ្លូវពិតប្រាកដមែន អស់ចំនូន០៥ផ្ទាំងឲ្យខូចខាត ។

សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ មកធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់