ព័ត៌មានជាតិ

បារាំង ងាកទៅរកឥណ្ឌា​ដើម្បី​ធ្វើ​ការ​រួម​គ្នា​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ខណៈ​ដែល​ខ្លួន​កំពុង​សម្តែង​កំហឹង​ប្រឆាំង​នឹង​សម្ព័ន្ធមិត្ត

ដំណឹង​នៃ​កិច្ចសន្ទនា​រវាង​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង និង​នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក​ម៉ូឌី​ត្រូវ​បាន​ប្រកាស​ដោយ​វិមាន​ប្រធានាធិបតី​បារាំង​អេលីហ្សេ​តាម​រយៈ​សេចក្តីប្រកាស​ព័ត៌មាន​មួយ។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន លោក​ម៉ាក្រុង​បាន​រម្លឹក​ប្រាប់​លោក​ម៉ូឌី​ពី​ការ​ប្តេជ្ញាចិត្ត​របស់​បារាំង​ក្នុង​ការ​រួម​ចំណែក​ពង្រឹង​ស្វ័យភាព​យុទ្ធសាស្ត្រ​របស់​ឥណ្ឌា ក្នុង​នោះ​មាន​ទាំង​មូលដ្ឋាន​ឧស្សាហកម្ម និង​មូលដ្ឋាន​បច្ចេកវិទ្យា ហើយ​ការ​រួម​ចំណែក​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ទំនាក់ទំនង​ជិតស្និទ្ធ​ដោយ​ផ្អែក​លើការ​ជឿទុកចិត្ត និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ដៃគូ​យុទ្ធសាស្ត្រ​ទាំង​ពីរ។

សេចក្តីប្រកាស​ព័ត៌មាន​របស់​វិមាន​អេលីហ្សេ​ដែល​មិន​បាន​និយាយ​ដៀមដាម​លើ​វិបត្តិ​ដែល​បារាំង​កំពុង​មាន​ជា​មួយ​អាមេរិក​បាន​បញ្ជាក់​ថា ការ​រំកិល​ជិត​គ្នា​រវាង​ក្រុង​ប៉ារីស និង​ក្រុង​ញូដែលី​មាន​មហិច្ឆតា​លើក​កម្ពស់​ស្ថិរភាព​តំបន់ និង​ការ​គោរព​ច្បាប់​អន្តរជាតិ​ដោយ​បដិសេធ​នូវ​អនុត្តរភាព​គ្រប់​រូបភាព​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ កិច្ចសន្ទនា​រវាង​លោក​ម៉ាក្រុង និង​លោក​ម៉ូឌី​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​បារាំង​កំពុង​ក្តៅក្រហាយ​នឹង​សម្ព័ន្ធមិត្ត​ថ្មី​រវាង​អាមេរិក អូស្រា្តលី និង​អង់គ្លេស​សម្រាប់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ តាម​រយៈ​សម្ព័ន្ធមិត្ត​ថ្មី​មួយ​នេះ អូស្រា្តលី​បាន​សម្រេច​លុបចោល​កុងត្រា​ទិញ​នាវាមុជទឹក​បារាំង​ដោយ​ងាក​ទៅ​ទិញ​នាវាមុជទឹក​អាមេរិក​វិញ។

ក្រៅ​ពី​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក លោក​ម៉ាក្រុង និង​លោក​ម៉ូឌី​ក៏​បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​ស្ថានការណ៍​នៅ​ប្រទេស​អាហ្វហ្កានីស្ថាន​ដែល​អំណាច​កំពុង​ស្ថិត​ក្នុង​ដៃ​ពួក​តាលីបង់។ នៅ​ក្នុង​រឿង​នេះ លោក​ម៉ាក្រុង និង​លោក​ម៉ូឌី​បាន​អំពាវនាវ​ឲ្យ​ពួក​តាលីបង់​បញ្ឈប់​ទំនាក់ទំនង​ជាមួយ​អង្គការ​ភេរវនិយម​អន្តរជាតិ គោរព​ច្បាប់​ជា​មូលដ្ឋាន និង​បើក​ទ្វារ​ឲ្យ​អង្គការ​មនុស្សធម៌​ចូល​ទៅ​ធ្វើ​ការ​ដោយ​សេរី​នៅ​ទូទាំង​ប្រទេស។ ទាក់ទង​នឹង​ទំនាក់ទំនង​ទ្វេភាគី​លើ​គ្រប់វិស័យ ពិសេស​វិស័យ​សេដ្ឋកិច្ច​ត្រូវ​បាន​លោក​ម៉ាក្រុង និង​លោក​ម៉ូឌី​ប្តេជ្ញា​ពង្រឹង​បន្ថែម​ទៀត។

គួរ​បញ្ជាក់​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បារាំង​បាន​ខិត​ចូល​ជិត​ឥណ្ឌា​កាន់​តែ​ខ្លាំង​តាម​រយៈ​ការ​លក់​យន្តហោះចម្បាំង Rafale ឲ្យ​ឥណ្ឌា ការ​ធ្វើ​ប្រតិបត្តិការ​យោធា​រួម​គ្នា​នៅ​មហាសមុទ្រ​ឥណ្ឌា និង​ការ​ដែល​បារាំង​បាន​ទទួល​ទាហានជើងទឹក​ឥណ្ឌា​នៅ​មូលដ្ឋានទ័ព​របស់​ខ្លួន​នៅ​ជីប៊ូទី នៅ​អេមីរ៉ាតអារ៉ាប់រួម និង​នៅ​រ៉េអុយញ៉ុង៕

 

មតិយោបល់