កំពតៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពត ធ្វើការចាប់ឃាត់ខ្លួនពីបទជួញដូរគ្រឿងញៀនខុសច្បាប់ ដកហូតបានថ្នាំញៀនប្រភេទម៉ា ទឹកកកចំនួន១១កញ្ចប់តូច បន្តចុះឆែកឆេរផ្ទះជនសង្ស័យ បែរជាប្រទះឃើញឈើសរុបចំនួន ៣៤កំណាត់ (វែង និង ខ្លី) ទៅវិញ ។ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១៧ និង៥០នាទី ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចក្នុងភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូរ ខេត្តកំពត ។
អាវុធហត្ថខេត្តកំពតបានបន្តថា ប្រតិបត្តិការណ៏ចុះបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនខាងលើ គឺធ្វើឡើង ដោយមានការចង្អុលបង្ហាញ ពីលោកឧត្ដមសេនីយ៍ ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត សហការជាមួយនឹងកំលាំងជំនាញរបស់មន្ទីរយុត្តិធម៌ នៃកងរាជអាវុធហត្ថ ដែលដឹកនាំនិងចូលរួមសម្របសម្រួលដោយលោក ខៃ សម្ភស្ស ព្រះរាជអាជ្ញារងតំណាងអយ្យការសាលាដំបូងខេត្តកំពត បានបើកការបង្ក្រាបចុះបង្ក្រាប ទីតាំង ជួញដូរគ្រឿងញៀនខាងលើនេះតែម្តង ដោយធ្វើការចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ ដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១១កញ្ចប់តូច ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់បានរួចហើយនោះ កម្លាំងអាវុធហត្ថខេត្តកំពត បានបន្តចុះឆែកឆេរផ្ទះជួលរបស់ជនសង្ស័យឈ្មោះ ឡូ ប៊ូន ស្រាប់តែប្រទះឃើង ឈើអត់ច្បាប់មួយចំនួន មានប្រភេទឈើធ្នង់ នឹងឈើត្រសេក ក្នុងនោះឈើសរុប ៣៤កំណាត់( វែង និង ខ្លី) ទៅវិញ ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធត្ថ ធ្វើការសាកសួរ និងឃុំខ្លួនបណ្តោះអាសន្ន នៅមន្ទីរយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់ ៕
មតិយោបល់