ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២០ និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្ត ISUZU DMAX បុករថយន្ត HYUNDAI ពីក្រោយ ក្នុងដំណើរស្របទិសគ្នាពីលិចទៅកើត បណ្តាលឲ្យរបួសស្រាល២នាក់ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ០៥ ចន្លោះគីឡូម៉ែត្រលេខ ២០៤-២០៥ ភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មានរថយន្តម៉ាក ISUZU DMAX ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PL-0159 បើកបរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 3A-1264 បណ្តាលឲ្យមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ជួយអន្តរាគមន៍ សម្រួលចរាចរណ៍ និងជួយសង្គ្រោះជនរងគ្រោះ ។
លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានបញ្ជាក់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងមកពីមូលហេតុ កត្តាអ្នកបើកបររថយន្តម៉ាក ISUZU DMAX បើកបរក្នុងស្ថានភាពស្រវឹង និងខ្វះការប្រុងប្រយ័ត្ន តុល្យភាព នៃការខូចខាតមាន រថយន្តពីរគ្រឿង និងរបួសស្រាលចំនួន២នាក់ ស្រី ។
លោកអធិការបានបន្តថា ជនរងគ្រោះ ១-ឈ្មោះ សៀង អង់ ភេទស្រី អាយុ៤១ឆ្នាំ រងរបួសស្រាល ២-ឈ្មោះ វន វ៉ាន់បី ភេទស្រី អាយុ៤១ឆ្នាំ រងរបួសស្រាល ។ ចំពោះអ្នកបើកបររថយន្តម៉ាក ISUZU DMAX ឈ្មោះ សៀង ដារ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ ពុំមានរបួស និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ សង ប៊ុនថៃ ភេទប្រុស អាយុ៤០ឆ្នាំ ពុំមានរបួស អ្នកទាំងបួននាក់ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រីឯអ្នកបើកបររថយន្តម៉ាក HYUNDAI មានឈ្មោះ ពៅ វណ្ណី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិត្រាំសេះ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ពុំមានរបួសទេ ។
បច្ចុប្បន្ន អ្នករងរបួសត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកបាកាន ចំណែករថយន្តទាំងពីរគ្រឿង ត្រូវបានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារជាបណ្តោះអាសន្ន ៕
មតិយោបល់