ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុកសំពៅលូន ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីធ្វើសកម្មភាពលួចទូរស័ព្ទនិងប្រាក់

បាត់ដំបង:​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅ​ថ្ងៃសៅរ៍ ២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២០និង៥០នាទី មានករណីអំពើលួចកើតឡើងនៅចំណុចក្រុមទី០៧ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន០១ករណី ទៅលើជនរងគ្រោះឈ្មោះ ឆុំ ឈីន ភេទស្រី អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចយកប្រាក់របស់ជនរងគ្រោះ នៅក្នុងផ្ទះអស់ប្រាក់ចំនួនប្រហែល ២០០.០០០ រៀល និងទូរស័ព្ទដៃម៉ាក់ iPhone XS Max ពណ៌ទឹកមាសមួយគ្រឿង ។

ក្រោយពីទទួលបណ្តឹងជនរងគ្រោះ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពត ឧត្តមបញ្ញា ហៅម៉ៅ ភេទប្រុស អាយុ ១៥ឆ្នាំ មានទីនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ សមត្ថកិច្ចសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចពិតប្រាកដមែន។

សម្ភារ:ដកហូតបានរួមមាន៖ -ទូរស័ព្ទដៃម៉ាក់ iPhone XS Max ពណ៌ទឹកមាស​ ០១គ្រឿង ។
-ប្រាក់រៀល ចំនួន ១៦៧.៥០០ និងប្រាក់បាត ចំនួន ៥១៧បាត ។

បច្ចុប្បន្ន ជនសង័្សយខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកសំពៅលូន កសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់