ព័ត៌មានជាតិ

ម៉ូតូកង់បីបើកបរលឿនបុកម៉ូតូពេញទំហឹង បណ្តាលឲ្យក្មេងស្រីម្នាក់ស្លាប់បាត់បង់ជីវិត

បន្ទាយមានជ័យ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅល្ងាចថ្ងៃច័ន្ទ ៤កើត ខែបុស្ស ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ក្មេងស្រី០១នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង០៤និង៣០នាទី លើផ្លូវ​លំក្រាលបេតុងត្រង់ចំណុច​ខាងជើងហាងហុងសេងហ៊ួរ ប្រហែល១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្មេងស្រីដែលបានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ឈ្មោះ សាម៉េត ចរិយា អាយុ ១២ ឆ្នាំ នៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត (អ្នករួមដំណើរជាមួយម៉ូតូ) ។

លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះនិងគ្នីគ្នា០២នាក់ផ្សេងទៀត ១/-ឈ្មោះ សាម៉េត រតនា អាយុ ១៥ឆ្នាំ (ពុំមានរបួស) ជាអ្នកបើកបរម៉ូតូ,២/-ឈ្មោះ សាម៉េត វឌ្ឍនា ភេទប្រុស អាយុ ៧ ឆ្នាំ (ពុំមានរបួស) ជាអ្នករួមដំណើរ) ពេលបើកមកដល់ចំណុចកើតហេតុ បានបត់ម៉ូតូឆ្វេង (ក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង) ស្របពេលនោះមានម៉ូតូកង់បី០១គ្រឿងដឹកចំណីទា និងពងទាបើកបរដោយឈ្មោះ​ ហ៊ុយ សុផល ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបុកបណ្តាលក្មេងស្រីឈ្មោះ សាម៉េត ចរិយា ធ្លាក់ពីលើម៉ូតូត្រូវម៉ូតូកិនពីលើស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។

លោកអធិការបានបញ្ជាក់ថា មូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់នេះ បណ្តាលមកពីម៉ូតូកង់បីបើកបរក្នុងល្បឿនលឿន ចំណែកម៉ូតូ០១គ្រឿងទៀតបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ។ អ្នកបើកបរម៉ូតូកង់បី ក្រោយពីកើតហេតុកម្លាំងនគរបាលជំនាញ បានឃាត់និងនាំខ្លួនទៅសាកសួរនៅអធិការដ្ឋាន និងយានទាំង០២គ្រឿង ខូចស្រាលត្រូវបានកម្លាំងជំនាញ យកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់