ព័ត៌មានជាតិ

Update៖ អាសូរណាស់! ទើបឃ្លាតពីប្រពន្ធបាន ២ថ្ងៃ ស្រាប់តែប្រទះឃើញស្លាប់ក្នុងទឹកស្រែដាំឈូក

ភ្នំពេញ: សាកសពបុរសម្នាក់ត្រូវបានអ្នកដំណើរប្រទះឃើញដេកស្លាប់ នៅក្នុងទឹកស្រែដាំឈូកមួយកន្លែងស្ថិតនៅតាមផ្លូវបេតុង ភូមិស្នោរខាងកើត សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង១០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ។

តាមប្រភពស្រ្តីជាប្រពន្ធបាននិយាយថា ប្ដីរបស់គាត់ដែលស្លាប់នោះឈ្មោះ ព្រុំ សុផន អាយុ ៥១ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិពង្រ ឃុំសន្ទៃ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ មុនពេលស្លាប់ប្ដីគាត់បានធ្វើការនៅឯសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ប៉ុន្តែមេជាងហៅឲ្យមកជួយរុះរើផ្ទះមួយកន្លែងនៅជិតកន្លែងកើតហេតុ និងទើបមកបាន២ថ្ងៃប៉ុណ្ណោះ។

ស្រ្តីនោះបាននិយាយទៀតថា ពេលនោះរូបគាត់មិនបានមកជាមួយប្ដីនោះទេ គឺប្ដីមកម្នាក់ឯងហើយគាត់ពុំបានដឹងថាប្ដីមានរឿងអីទើបបានជាស្លាប់ក្នុងទឹកទៅវិញ ហើយក៏មិននឹកស្មានថា មានរឿងអកុសលបែបនេះកើតឡើងឡើយ ។ រហូតដល់វេលាព្រឹកថ្ងៃទី២៨ ខែធ្នូ នេះ ទើបមានគេខលប្រាប់ថា ប្ដីគាត់បានស្លាប់បាត់ទៅហើយ គាត់ក៏ប្រញាប់ប្រញាល់ធ្វើដំណើរទៅមើលឃើញថាប្ដីស្លាប់មែន។

តាមប្រភពព័ត៌មានបានឲ្យដឹថា នៅមុនពេលកើតហេតុមានអ្នកដំណើរឆ្លងកាត់ទីនោះ ហើយបានប្រទះឃើញបុរសនោះដេកស្លាប់នៅក្នុងទឹកស្រែដាំឈូកខាងលើ ក៏ស្រែកប្រាប់គេឯងបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។ បន្ទាប់មករាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ស្នោរ និងនគរបាលខណ្ឌកំបូលឲ្យចុះទៅមើល និងរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះទៅធ្វើកោសល្យវិច័យ ៕



មតិយោបល់