ព័ត៌មានជាតិ

យុវជន ២នាក់ ជិះម៉ូតូឌុបគ្នាចុះពីលើស្ពានក្នុងល្បឿនលឿន ជ្រុលបុកខឿនដួលផ្លោងទៅបោកនឹងបង្គោលភ្លើងស្លាប់ម្នាក់

ភ្នំពេញ: កាលពីវេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ មានករណីយុវជន ២នាក់ ជិះម៉ូតូចុះពីលើស្ពានអាកាសស្ទឹងមានជ័យក្នុងល្បឿនលឿន ជ្រុលបុកខឿនដួលផ្លោងទៅបោកនឹងបង្គោលភ្លើង បណ្ដាលឲ្យស្លាប់ម្នាក់ ស្ថិតតាមបណ្តោយផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ធូរោធ ភេទប្រុស អាយុ ២២ឆ្នាំ ជានិស្សិត បច្ចុប្បន្ន ស្នាក់នៅផ្ទះ ម្តុំផ្សារទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ដំណើររឿង៖ មុនកើតហេតុគេឃើញយុវជន ២នាក់ បានជិះម៉ូតូម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ កណ្តាល 1AD-8517 ជិះឌុបគ្នាចុះពីលើស្ពានអាកាសស្ទឹងមានជ័យ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុចកើតហេតុ ផ្លូវកោងបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកខឿន បណ្តាលឲ្យដួលផ្លោងបោកក្បាលជនរងគ្រោះ ជាអ្នកឌុបទៅបុកបង្គោលភ្លើង បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯយុវជនអង្គុយពីក្រោយ គ្រាន់តែរងរបួសស្រាល។

ក្រោយពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចពិនិត្យ និងវាស់វែងយកម៉ូតូ ទៅរក្សាទុកនៅប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់បឹងសាឡាង រង់ចាំប្រគល់ជូនគ្រួសារតាមក្រោយ រួចធ្វើកំណត់ហេតុប្រគល់សពឲ្យយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់