Post News Media ព័ត៌មានជាតិ បុរសម្នាក់ជិះ...

បុរសម្នាក់ជិះម៉ូតូ ត្រូវរថយន្តមិនស្គាល់ម៉ាកបុកស្លាប់ភ្លាមៗនៅនឹងកន្លែង

រតនគិរី: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ កាលពីវេលាម៉ោង១និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងែទី២៦ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចផ្លូវបត់ចូលភូមិប៉ក់ពោ ស្ថិតក្នុងភូមិប៉ក់ធំឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍ឃុំប៉ក់ញ៉ៃ ចុះដល់កន្លែងកើតហេតុ ប៉ុន្តែមិនអាចចាប់រថយន្តបាននោះទេ ព្រោះពេលយប់ស្ងាត់រថយន្តបានបន្ថែមល្បឿនរត់បាត់ស្រមោល។

បើតាមនគរបាលបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តបុកម៉ូតូ ខណ:កំពុងធ្វើដំណើរស្របទិសគ្នា ក្នុងទិសដៅពីកើតទៅលិច បណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅកន្លែងកើតហេតុ រីឯរថយន្តបន្ថែមល្បឿនរត់គេចបាត់។

នគរបាលបានប្រាប់បន្តទៀតថា ជនរងគ្រោះបើកម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ មានឈ្មោះ សេវ ឌី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចារ៉ាយមានទីលំនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិច។

បច្ចុប្បន្ននគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវរករថយន្តបង្កហេតុយកមកទទួលខុសត្រូវចំពោះមុខច្បាប់៕

ឡានបុកស្លាប់ (1)

ឡានបុកស្លាប់ (2)

ឡានបុកស្លាប់ (3)