ភ្នំពេញៈ ក្នុងប៉ុន្មានថ្ងៃនេះ គេកត់សម្គាល់ឃើញថាព្រឹត្តិការណ៍តន្ត្រីដើរលើ កម្រាលព្រំដ៏អស្ចារ្យ ដែលគ្រោងរៀបចំឡើង នៅក្នុងបរិវេណ សាកលវិទ្យាល័យន័រតុន ជ្រោយចង្វារ នៅពាក់កណ្ដាលខែក្រោយនេះ ត្រូវបានផ្សាយចេញយ៉ាង គគ្រឹកគគ្រេងនៅបណ្ដាញសារព័ត៌មាន នានាទាំងទូរទស្សន៍ វេបសាយ និងកាសែត។
ព្រឹត្តិការណ៍នេះ ជាការកំរើកមួយខុសពីព្រឹត្តិការណ៍ប្រគំតន្ត្រី ស្វែងរកថវិការ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផ្សេង ដោយសារតែព្រឹត្តិការណ៍នេះ ជាមហាវេទិការដែលចាត់ទុកថា មានតារាល្បីៗកុះករចូលរួម និងជាព្រឹត្តិការណ៍ ដើរលើកំរាលព្រំ ដែលដូចគ្នា ព្រឹត្តិការណ៍កំរាលព្រំក្រហមប្រចាំឆ្នាំ ដែលបានធ្វើឡើង នៅក្នុងប្រទេសនោះផង។ ចឹងហើយទើបព្រឹត្តិការណ៍នេះ ត្រូវបានកំណត់ចំពោះតារាដែលស្ម័គ្រចិត្តចូលរួម ដោយតារាល្បីៗ ត្រូវបានផ្ដល់ឱកាស ឲ្យតែ២៤រូបប៉ុណ្ណោះ ក្នុងចំណោមតារាចម្រៀង តារាសម្ដែង និងតារាកំប្លែងលំដាប់ប្រទេសជាច្រើនដែលចង់ចួលរួម។
តារាដែលមានវត្តមាន ដើរលើកំរាលព្រំ ដ៏អស្ចារ្យអមដោយអ្នកគាំទ្រ ដែលត្រូវគេរំពឹងថា នឹងចូលរួមយ៉ាងច្រើន កុះករនោះរួមមាន កញ្ញាសុខ ពិសី តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញាទេព បូព្រឹក្ស តារាចម្រៀងហង្សមាស កញ្ញាសុន ស្រីពេជ្រ តារាចម្រៀងហង្សមាស លោកសុគន្ធ ថេរ៉ាយុ តារាចម្រៀងថោន លោកឃុន វុត្ថា តារាចម្រៀង We Production កញ្ញាអេដា តារាចម្រៀង Original Song នាយចឺមតារាកំប្លែង និងជាតារាចម្រៀងសាន់ដេ កញ្ញារ៉ូលីន តារាកំប្លែង និងជាតារាចម្រៀងថោន លោកសន វិជ្ជបុត្រ តារាចម្រៀងផលិតកម្ម M និង ជ័យ សុវ៉ាត់ ជានិស្សិតពេទ្យប្រចាំ សាកលវិទ្យាល័យន័រតុន និងជាអតីតជ័យលាភី ក្នុងកម្មវិធីផ្កាយរះក្នុងសួនជំនាន់ទី១។ សម្រាប់តារាម៉ូដែល និងពិធីករ ពិធីការិនី ក៏សុទ្ធតែអ្នកមានឈ្មោះបោះសំឡេងផងដែរ ដែលភាគច្រើនជាក្រុមបង្ហាញម៉ូដ របស់ក្រុម Cambodia Super Model ដូចជា អ្នកនាងចន ច័ន្ទលក្ខិណា អ្នកនាងសារ៉ាយ សក្ខណា កញ្ញាមាន សូនីតា កញ្ញាទឹម រដ្ឋា កញ្ញាថន លក្ខិណា កញ្ញាព្រីម លីហ្សា កញ្ញាដួង ម៉ានិច កញ្ញាកែ ចាន់កេសី កញ្ញា ចាន់ គង់កា កញ្ញារស់ សុធាវី (ពិធីការិនីប្រចាំហង្សមាស) លោករតនៈ វិសិទ្ធិ លោកចន ច័ន្ទដារ៉ា លោកចន អេឡិចហ្សូរ៉ា និងលោកស៊ិន សុធារិទ្ធិ តារាម៉ូដែលប្រចាំ ទូរទស្សន៍អាស៊ីអាគ្នេយ៍។ ព្រឹត្តិការណ៍ត្រូវគេមើលឃើញថា បានកន្ទ្រាក់អារម្មណ៍មហាជន តាំងពីការផ្សព្វផ្សាយ របស់កម្មវិធី មិនត្រូវបានទម្លាយ។ ធៀបនឹងកម្មវិធីសប្បុរសធម៌ផ្សេងៗ គេចាត់ទុកថាកម្មវិធីនេះ មានការកក្រើក មុនកំណត់តែម្ដង ទើបគេប៉ាន់ស្មានថា នឹងមានមហាជនមិនតិចនាក់នោះទេចូលរួមទស្សនា ដោយសារតែព្រឹត្តិការណ៍ មិនមានការលក់សំបុត្រ ជាព្រឹត្តិការណ៍ទស្សនាដោយសេរី និងមានការតាំងផលិតផលពី ស្នាដៃនិស្សិតពេទ្យ ដើម្បីឲ្យមានការបរិច្ចាគ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។
ស្ថាបនិកGroup «គ្រួសារតារាកម្ពុជា»ជាអ្នករៀបចំកម្មវិធីនេះ បានអះអាងថាការប្រគំតន្ត្រី អមដោយព្រឹត្តិការណ៍ ដើរលើកំរាលព្រំដែលនឹងធ្វើឡើង ចាប់ពីម៉ោង៤រសៀលដល់ម៉ោង៨យប់ នៅថ្ងៃទី១៧ កញ្ញា នោះ លោករំពឹងថា នឹងមានអ្នកទស្សនាច្រើនកុះករ ដោយសារតែគ្រាន់តែ និស្សិត របស់សាកលវិទ្យាល័យន័រតុន ក៏មានចំនួន ដល់ជាង១ម៉ឺននាក់ទៅហើយ។ លោកថាកម្មវិធីនេះ មានការចួលរួមដោយអ្នកសារព័ត៌មាន និង អ្នកថតរូបអាជីព យ៉ាងច្រើនកុះករ ដោយរំពឹងថាអ្នកចូលរួមទាំងនោះ បើត្រឹមតែបរិច្ចាគក្នុងម្នាក់១ដុល្លារ ក៏មូលនិធិដែលទទួលបាន ដើម្បី ផ្ដល់ឲ្យមន្ទីរពេទ្យគន្ធបុប្ផា នឹងមានយ៉ាងសន្ធឹកផងដែរ។ លោកថានេះជាព្រឹត្តិការណ៍ សប្បុរសធម៌ធំប្រចាំឆ្នាំ ដែលរៀបចំដោយនិស្សិតពេទ្យ នៅសាកលវិទ្យាល័យន័រតុន និងតារាសិល្បៈ ដោយមានការសហការ ជួយពីអ្នកជំនាញម៉ូដ និងដេគ័រធំមួយ ។
ព្រឹត្តិការណ៍នេះ ក៏មានការតាំងពិព័រណ៌ ពេញរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ និង១៨ កញ្ញា ពីម៉ោង៨ព្រឹក ដល់ម៉ោង៨យប់ផងដែរ ៕
មតិយោបល់