ព័ត៌មានជាតិ

កម្លាំងនគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីឆក់កាបូបលុយនិងទូរស័ព្ទដៃ

ព្រះសីហនុ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២​ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែលធ្លាប់បានធ្វើសកម្មភាព លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបលុយ និងទូរស័ព្ទដៃចំនួន២ករណីផ្សេងគ្នា) នៅចំណុចលើការ៉ូឡា ស្ថិតនៅក្រុមទី០១ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៦ខែធ្នូ ឆ្នាំ២០២២ និង នៅចំណុចមុខសាលារៀនកម្មករ សង្កាត់លេខ៤ ក្រុង–ខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ពេលធ្វើសកម្មភាពហើយបានរត់គេចខ្លួនបាត់អស់ ។

ជនសង្ស័យចំនួន០២នាក់មាន៖ ១.ឈ្មោះ គឹម នៅស៊ីណុច ហៅ ណុច ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ។ ២.ឈ្មោះ ឃួន ឧស្សាហ៍ ហៅ យក្ស ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។ ក្រោយពេលសាកសួរ ជនសង្ស័យទាំង០២នាក់ បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពដូចខាងលើប្រាកដមែន ។

សម្ភារ:វត្ថុតាងដកហូតបាន ម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២២ ។

បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កំពុងបន្តស្រាវជ្រាវសាកសួរកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ៕

មតិយោបល់