ព័ត៌មានជាតិ

កម្លាំង​ព្រហ្មទណ្ឌ​ខេត្ត ​និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង​ បំបែកសំណុំរឿង​ករណី​ឃាតកម្ម ​(​គិត​ទុកជា​មុន​) ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់​

ឧត្តរមានជ័យៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយ​មាន​ណែនាំ​និង​ចង្អុលបង្ហាញ​ពី​សំណាក់​ ឯកឧត្ដម​ នាយ​ឧត្តមសេនីយ៍​ សន្ដិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​មានការ​យកចិត្តទុកដាក់​ពី​ ឯកឧត្តម​ ប៉ែន​ កុស​ល្យ​ អភិបាលខេត្ត​ឧត្តរមានជ័យ​ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ ឯកឧត្តម​ តូច​ សុភ​ក្ដី​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ នៅ​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០២២​ លោក​ឧត្តមសេនីយ៍ទោ​ ហួត​ សុធី​ ស្នងការ​នគរបាល​ខេត្ត​ បាន​ចុះ​ដឹកនាំ​កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង​ ចុះ​ស្រាវជ្រាវ​ ស៊ើបអង្កេត​ និង​បំបែកសំណុំរឿង​ករណី​ឃាតកម្ម​(​គិត​ទុកជា​មុន​)​ នៅ​សង្កាត់​កូន​ក្រៀល​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​ បាន​ដោយ​ជោគជ័យ​ ។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើ​នេះ​ កម្លាំង​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ និង​កំណត់​បាន​មុខសញ្ញា​ ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ បាន​ចំនួន​០៤​នាក់​៖

ទី​១-​ឈ្មោះ​ ឃ្លី​យ​ ឃ្លា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ក្ដុល​ សង្កាត់​កូន​គ្រៀល​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​ ។
ទី​២-​ឈ្មោះ​ រ៉​ន​ សា​ណា​ (​ហៅ​តឹង​)​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ក្ដុល​ សង្កាត់​កូន​គ្រៀល​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​ ។​
ទី​៣-​ឈ្មោះ​ រឿ​ន​ រិ​ន​ (​ហៅ​ឡោះ​)​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ក្ដុល​ សង្កាត់​កូន​គ្រៀល​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​ ។​
ទី​៤-​ឈ្មោះ​ ភួ​ ស៊ីវ​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ឈើ​ក្រំ​ សង្កាត់​កូន​គ្រៀល​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​ ។​

​ក្រោយ​ពី​បាន​ធ្វើការ​សាកសួរ​ជន​ដៃដល់​ទាំង​០៤​នាក់​ខាងលើ​នេះ​រួច​ ពួក​គេ​បាន​សារភាព​ថា​៖​ រូប​ខ្លួន​ទាំង​ ០៤​ នាក់​ ពិតជា​បាន​ធ្វើ​សកម្មភាព​ សម្លាប់​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​ ។​ សូម​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ប្រហែល​១៩​និង​០០​នាទី​ មាន​ករណី​ឃាតកម្ម​ (​គិត​ទុកជា​មុន​)​ នៅ​ចំណុច​តាម​ផ្លូវ​រទេះគោ​ ស្ថិត​ក្នុងភូមិ​ក្តុល​ សង្កាត់​កូន​ក្រៀល​ ក្រុង​សំរោង​ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ឈ្មោះ​ ម៉េ​ង​ ប៊ុ​ន​ហៀន​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ​ ត្រូវ​បាន​ឃាត់ខ្លួន​នាំ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ​ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​តាម​នីតិវិធី​ បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕

មតិយោបល់