បាត់ដំបងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី២៩ ខែឆ្នូ ឆ្នាំ២០២២ វេលាម៉ោង១១និង០០នាទី នៅចំណុចក្រុមទី០៥ ភូមិកំពង់ម្តោក ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីអំពើលួច (លួចយកសម្ភារៈ) មួយកើតឡើងបង្កដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាព ចូលលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះ ភុត ភី ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅក្រុមទី០៥ ភូមិកំពង់ម្តោក ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។
សម្ភារៈបាត់បង់មាន ខ្សែភ្លើងចំនួន ០២ដុំ (ខ្សែភ្លើងប្រវែង ៧០ម៉ែត្រ០១ដុំ និងខ្សែភ្លើងប្រវែង ៣០ម៉ែត្រ០១ដុំ), ម៉ូទ័រកាត់ការ៉ូចំនួន០១, ចង្ក្រានហ្គាសតូច, ចំនួន០១, អង្រឹងក្រណាត់ចំនួន០១ ។
ក្រោយពីទទួលបណ្តឹងជនរងគ្រោះ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ កំណត់អត្តសញ្ញាណជនសង្ស័យ ឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រឿត បូរី ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ សមត្ថកិច្ចសាកសួរជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចពិតប្រាកដមែន ។
សម្ភារៈដកហូតបានរួមមាន៖
-ចង្ក្រានហ្គាសចំនួន០១
-អង្រឹងក្រណាត់ចំនួន០១
-ខ្សែលួសស្ពាន់ចំនួន ០១គីឡូ០១ខាំ
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ។
នាពេលនេះ ជនសង័្សយខាងលើត្រូវបានកម្លាំងនគរបាលស្រុកសង្កែកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់ ៕


មតិយោបល់