ព័ត៌មានជាតិ

ទីលានចាក់សំរាមលំដាប់ស្តង់ដារលើកដំបូង ត្រូវបានដាក់ឱ្យដំណើរការនៅខេត្តព្រះសីហនុ បន្ទាប់សាងសង់ក្នុងគម្រោងថវិកាជាតិជាង ៥លានដុល្លារ

រដ្ឋបាលខេត្តព្រះសីហនុ សម្រេចដាក់ឱ្យប្រើរណ្តៅចាក់សំរាមថ្មីមួយកន្លែង ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានចម្ងាយចុះពីផ្លូវជាតិលេខ៤ប្រមាណ៣គីឡូម៉ែត្រ បន្ទាប់ពីសាងសង់រួចរាល់នូវរណ្តៅក្នុងដំណាក់កាលទី១ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២១។

ទីលានចាក់សំរាមនៅក្នុងដំណាក់ដំបូងនេះ ត្រូវបានជីករណ្ដៅដីដែលអាចធានាផ្ទុកសំរាមបានរហូតដល់រយៈពេល៥ឆ្នាំ ទើបពេញរណ្តៅដី ខណៈបច្ចុប្បន្នកាកសំណល់សំរាម ដែលប្រមូលបានពីក្រុងព្រះសីហនុ និងស្រុកព្រៃនប់ មានបរិមាណ ក្នុងមួយថ្ងៃ ចន្លោះពី៤០០ ទៅ៥០០តោន និងសំណង់អគារសម្រាប់ស្តុកសំរាម ដែលបានញែករួច ដើម្បីទៅកែច្នៃឡើងវិញ និងស្ថានីយថ្លឹងរថយន្តដឹកសំរាមចូលរណ្តៅប្រចាំថ្ងៃ។

លោក ហុក សុកាន់ដារ៉ូ នាយកគ្រប់គ្រងទីលានទុកដាក់សំណល់រឹងសំរាមទីប្រជុំជនខេត្តព្រះសីហនុ បានឱ្យដឹងថា ទីលានចាក់សំរាមនេះ មានផ្ទៃដីសរុបជាង៥០ហិកតា ប៉ុន្តែសម្រាប់ជំហានទី១នេះ ធ្វើនៅលើផ្ទៃដីចំនួន១៧ហិកតាសិន។ លោកបានឱ្យដឹងថា សំរាមដែលយកទៅទុកដាក់នៅទីតាំងថ្មីនេះ គឺប្រមូលពីក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ដោយមានក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំរាមចំនួន២ បន្ទាប់រណ្តៅនៅទីតាំងចាស់មុនៗពេញអស់ទៅហើយ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសចុះពិនិត្យ និងស្វែងយល់ពីទីលានចាក់សំរាមនេះ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បញ្ជាក់ថា នេះ គឺជាទីលានចាក់សំរាមលើកដំបូងនៅកម្ពុជា ដែលបង្កើតឡើងមានលក្ខណៈស្តង់ដារត្រូវត្រឹមតាមបច្ចេកទេស ខណៈនៅក្នុងឆ្នាំ២០២២ខាងមុខនេះ រាជរដ្ឋាភិបាល គ្រោងបង្កើតឱ្យមាននៅតាមបណ្តាខេត្តទៀតដូចជាខេត្តកែប កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ ស្វាយរៀង ជាដើម។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុ ស្ថិតក្នុងគម្រោងសាងសង់លើផ្ទៃដីទំហំ៥១ហិកតា ក្នុងក្របខណ្ឌបន្ទុកចំណាយថវិកាជាតិ សរុបជាង៥,៣១លានដុល្លារអាមេរិក។

ក្នុងរយៈពេល៥ឆ្នាំដំបូង ត្រូវបានជីករណ្តៅដីចំនួន៤ ដោយក្នុងរណ្ដៅនីមួយៗមានទទឹងគិតជាមធ្យម១៣០ម៉ែត្រ និងបណ្ដោយ១៥០ម៉ែត្រ ជម្រៅចាប់ពី២-៤ម៉ែត្រ ព្រមទាំងមានប្រព័ន្ធរំដោះទឹកភ្លៀងចាប់ពីបាតរណ្ដៅ ប្រព័ន្ធប្រមូលទឹកកខ្វក់ពីរណ្ដៅចាក់សំរាម និងបំពង់បញ្ចេញឧស្ម័នពុល៕

 

មតិយោបល់