ភ្នំពេញៈ ពាក្សចាស់មួយឃ្លាលើកឡើងថា ក្របីបាត់ទើបធ្វើរបង មានអ្នកស្លាប់ និងរងគ្រោះ បានកើតឡើងជាបន្តបន្ទាប់ ទើបនាំគ្នាបង្កើនយន្តការគ្រប់គ្រងបន្ថែម លើការការពារសុវត្ថិភាពភ្ញៀវ ។ តើយន្តការសុវត្ថិភាព ឬ ភាពកក់ក្តៅ សម្រាប់ភ្ញៀវទេសចរណ៍ ដែលទៅលេងឆ្នេរសមុទ្រនេះ ឆ្លើយតបទាន់ពេលវេលាដែរឬទេ?។
ថ្មីៗនេះក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំ ឲ្យមន្ត្រីពាក់ព័ន្ធពង្រឹង ការគ្រប់គ្រងឆ្នេរខ្សាច់កំសាន្ត តំបន់ឆ្នេរសមុទ្រ ដើម្បីបង្កើនសុវត្ថិភាព ដែលជាទីផ្តល់ទំនុកចិត្តពី សំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។ សេចក្តីណែនាំនេះ ធ្វើឡើងបន្ទាប់ពី មានជនរងគ្រោះបាន ស្លាប់បាត់បង់ជីវិត ជាច្រើនលើកនៅក្នុងខែសីហា ឆ្នាំ២០១៦ តាមបណ្តាឆ្នេរសមុទ្រ ក្នុងខេត្តព្រះសីហនុ។
នៅក្នុងសេចក្តីណែនាំ របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឲ្យគ្រប់មន្ទីរទេសចរណ៍ ខេត្តជាប់មាត់សមុទ្រ ត្រូវសហការជាមួយមន្ទីរអង្គភាព ពាក់ព័ន្ធអនុវត្តន៍ បទដ្ឋានគតិយុត្តិនានា សម្រាប់ធានាបាន នូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យតាមឆ្នេរខ្សាច់កំសាន្ត ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
បើតាមប្រជាពលរដ្ឋ មានចម្ងល់ថា ហេតុអីចាំបាច់ទាល់តែមានសារាចរណ៍ ណែនាំពីរាជរដ្ឋាភិបាល ឬសេចក្តីណែនាំពី រដ្ឋមន្រ្តីទើបបាននាំគ្នា ពង្រឹងកិច្ចការពារសុវត្តិភាព និងផ្តល់សេចក្តីទុកចិត្តដល់ភ្ញៀវ? ហេតុអ្វីមន្រ្តីគ្រប់គ្រង នៅតំបន់ឆ្នេរសមុទ្រ កម្ពុជាទាំងអស់ មិនមានការទទួលខុសត្រូវ លើកិច្ចការរបស់ខ្លួន ដើម្បីធានាដល់សន្តិសុខ សុវត្ថិភាព ភ្ញៀវជាតិនិងអន្តរជាតិ ដែលគេទៅកំសាន្តនៅតំបន់នោះ ទាំងខ្លួនដឹងថា តំបន់ដែលខ្លួនគ្រប់គ្រង កាន់កាប់តែងតែ មានមនុស្សម្នា មកលែងកំសាន្តជាប្រចាំនោះ។
សេចក្តីណែនាំដដែលបានបញ្ជាក់ថា អាជ្ញាធរត្រូវរៀបចំស្លាកសញ្ញា ចង្អុលបង្ហាញពោង បង្ហាញពីតំបន់ហាមឃាត់ តំបន់គ្រោះថ្នាក់ ត្រូវមានឧបករណ៍ ឲ្យសញ្ញាដ៏មានប្រសិទ្ធភាព និងតំបន់ក្រោមការឃ្លាំមើល នៅតំបន់ទេសចរណ៍ តាមមាត់សមុទ្រ ដើម្បីមានការត្រៀមសង្គ្រោះ និងធានាសុវត្ថិភាពភ្ញៀវ និងបានជំរុញឲ្យ មានការបណ្តុះបណ្តាល បំពាក់បំប៉នក្រុមឆ្មាំឆ្នេរសមុទ្រ ក្រុមសង្រ្គោះ បង្កើតប៉ុស្តិ៍ប៉មឲ្យបានគ្រប់គ្រាន់ ដើម្បីឃ្លាំមើលសភាពការណ៍។
ប្រជាពលរដ្ឋបាននាំគ្នា លើកឡើងនូវពាក្សស្លោកចាស់ បុរាណដែលបានពោលថា “ក្របីបាត់ទើបនាំគ្នាធ្វើរបង” ពោលគឺបាត់បង់អាយុជីវិត មនុស្សជាបន្តបន្ទាប់ ទើបប្រកាសពីយន្តការពង្រឹងនឹង ត្រៀមលក្ខណៈសម្បត្តិ ដើម្បីជួយសង្រ្គោះនិង ឃ្លាំមើល តើយន្តការនេះវាឆ្លើយតប ទាន់ពេលវេលាចំពោះគ្រោះថ្នាក់ កើតឡើងបានដែរឬទេ?។
ទាក់ទិននិងសេចក្តីណែនាំនេះដែរ មានប្រធានមន្ទីរទេសចរណ៍មួយចំនួន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ខ្លួនមិនទាន់ទទួលសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍ជុំវិញ សេចក្តីណែនាស្តីពីការពង្រឹង ការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្តក្នុងខេត្ត តំបន់ឆ្នេរសមុទ្រនោះនៅឡើយទេ។ តែយ៉ាងណាខ្លួនបានធ្វើកិច្ចការ ខាងលើនេះ ជាប្រចាំ តាមលទ្ធភាពដើម្បីសុខសុវត្ថិភាព ភ្ញៀវដែលមកកំសាន្ត ដោយផ្តល់ពោងសុវត្តិភាព នៅតាមតំបន់ ឆ្នេរមួយចំនួន។
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរ ខេត្តកែប បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកកាលពីថ្ងៃទី២៤សីហានេះថា បញ្ហាសន្តិសុខនិង អនាម័យនៅតាមតំបន់ឆ្នេរសមុទ្រ គឺជាបញ្ហាអាយុជីវិត របស់អ្នកដែលទទួលបានផលកម្រៃ លើវិស័យទេសចរណ៍នេះ។
ដូច្នេះទាមទារឲ្យមានការយកចិត្តទុកដាក់ ពីគ្រប់ភាគីពាក់ព័ន្ធមិនត្រឹមតែខាង ស្ថាប័នរដ្ឋនោះទេ សូម្បីតែវិស័យឯកជន ដែលធ្វើការងារ លើវិស័យទេសចរណ៍ ក៏ត្រូវចូលរួមផងដែរ៕



មតិយោបល់