ព័ត៌មានជាតិ

ជម្លោះពាក្យសម្តីយកកូនកាំបិតចាក់ទៅលើបុរសម្នាក់បណ្តាលអោយរបួសធ្ងន់ត្រូវនគរបាលឃាត់ខ្លួន

ខេត្តបាត់ដំបង:​ យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំឡូត សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កូនកាំបិត) នៅថ្ងៃអាទិត្យ ៩រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣​ វេលាម៉ោង​១៩នឹង១០នាទី​ ស្ថិតនៅភូមិអូរ​ច្រាប ឃុំសំឡូត​ ស្រុកសំឡូត​ ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ញ៉ញ​ ដេន​ ភេទប្រុស​ អាយុ៥៤​ឆ្នាំ​ រស់នៅភូមិអូរ​ច្រាប ឃុំសំឡូត​ ស្រុកសំឡូត​ ខេត្តបាត់ដំបង ស្រវឹងស្រាយកកូនកាំបិតចាក់ទៅលេីក្មួយប្រសារ ឈ្មោះ សោ សន ភេទប្រុស​ អាយុ២៩ឆ្នាំ​ រស់នៅភូមិអូរ​ច្រាប ឃុំសំឡូត​ ស្រុកសំឡូត​ ខេត្តបាត់ដំបង ចំនួន០២កាំបិត បណ្ដាលឲ្យរងរបួសធ្ងន់​ ។ នគរបាលបានបញ្ជាក់ឲ្យដឹងថា ករណីហិង្សាខាងលើនេះគឺបណ្តាលមកពី ផឹកស្រាស្រវឹងក៏ទាស់សម្តីប្រកែកគ្នារហូតដល់ប្រើប្រាស់កូនកាំបិតចាក់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។
ករណីនេះ ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ។ ចំណែកជនរងគ្រោះរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្បខេត្តបាត់ដំបង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសំឡូត និងកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

 

មតិយោបល់