ប៉ៃលិនៈ ប្រជាពលរដ្ឋនៅតែមានក្តីព្រួយបារម្ភយ៉ាងខ្លាំង ប្រសិនបើអាជ្ញាធរខេត្ត និងមន្ត្រីជំនាញស៊ីម៉ាក់ មិនអើពើពីសុវត្ថិភាពពួកគាត់ ពាក់ព័ន្ធយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ជាក់ស្ដែងក្នុងរយៈពេល២ថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃទី១៦ និងទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋជាច្រើននាក់ ដែលប្រកបរបរជីកដី យករ៉ែត្បូង បានប្រទះឃើញគ្រាប់មីនចំនួនពីរគ្រាប់ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅថ្ងៃនេះ បានឲ្យដឹងថា ពួកគាត់មានការភ្ញាក់ផ្អើល ខណៈពេលប្រទះឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់នៅក្នុងដីចម្ការមីន ដែលស៊ីម៉ាក់ និង MAG បោសសម្អាតរួច។ ពួកគាត់មានការបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់ពួកគាត់។
ប្រភពព័ត៌មានបន្តថា ពួកគាត់សំណូមពរហើយសំណូមពរទៀត សុំឲ្យអាជ្ញាធរស៊ីម៉ាក់ ជួយពិនិត្យសារឡើងវិញ តែមិនដែលឃើញស៊ីម៉ាក់មានចំណាត់ការណាមួយដោះស្រាយជូនប្រជាពលរដ្ឋសោះ រហូតដល់ថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ។ ក្នុងការប្រទះឃើញគ្រាប់មីនមួយគ្រាប់ទៀតនេះ ធ្វើឲ្យពួកគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿទៅលើអង្គភាពស៊ីម៉ាក់ និងអង្គការMAG ចំពោះបញ្ហាដោះមីន បើដីចម្ការមីនបោសសំអាតរួចហើយ បែរជាមានសុទ្ធតែគ្រាប់មីនពាសពេញដីយ៉ាងនេះ ដូច្នោះ ធ្វើឲ្យប្រជាពលរដ្ឋកាន់តែជួបនូវគ្រោះថ្នាក់ និងបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរផងដែរ។
ពាក់ព័ន្ធបញ្ហានេះដែរ លោក គង់ ណន អធិការរងស្រុកសាលាក្រៅ បានឲ្យដឹងថា ការប្រទះឃើញគ្រាប់មីនរបស់ប្រជាពលរដ្ឋដែលអាជ្ញាធរមីនបានដោះរួចរាល់ ព្រមទាំងប្រគល់ឲ្យពួកគាត់រស់នៅនោះ វាជាបញ្ហាមួយ ដែលប្រឈមគ្រោះថ្នាក់បំផុត ហើយគ្រាប់មីនដែលពលរដ្ឋប្រទះឃើញជាមីនស្គរ ដែលសល់ពីសម័យសង្គ្រាម។
លោកបានឲ្យដឹងទៀតថា សង្គ្រាមនៅកម្ពុជា ដែលកើតឡើងជិត៣ទសវត្សរ៍ បានបន្សល់ទុកដ៏ធ្ងន់ធ្ងរ បើគិតចាប់ពីអំឡុងឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ហើយរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលកំពុងតែនៅសេសសល់រាយប៉ាយជាច្រើនកន្លែង នៅក្នុងប្រទេសកម្ពុជា។
លោកក៏បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជួយពិនិត្យមើល និងមានវិធានការដោះស្រាយជូនប្រជាពលរដ្ឋផង ព្រោះបច្ចុប្បន្ន ពលរដ្ឋកំពុងតែជួបហានិភ័យធ្ងន់ធ្ងរណាស់ ព្រោះនៅជាប់ នឹងផ្ទះប្រជាពលរដ្ឋ និងជាកន្លែងដែលប្រជាពលរដ្ឋកំពុងប្រកបអាជីវកម្មជីកត្បូងរាល់ថ្ងៃផងដែរ៕
មតិយោបល់