ព័ត៌មានជាតិ

តំបន់សេដ្ឋកិច្ចពិសេស ខេត្តបន្ទាយមានជ័យ ផ្តល់ការងារឲ្យពលរដ្ឋជាង៤ពាន់នាក់

បន្ទាយមានជ័យៈ ឧស្សាហកម្ម ក្នុងខេត្តបន្ទាយមានជ័យ ទាំងក្នុងនិងក្រៅតំបន់សេដ្ឋកិច្ចពិសេស បានចំណាយ ទន់២១,៥លានដុល្លារ និងផ្តល់ការងារធ្វើដល់ពលរដ្ឋជាង៤ពាន់នាក់ ។

លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ខេត្តបន្ទាយមានជ័យ គឺជាខេត្ត១ ក្នុងចំណោមរាជធានី-ខេត្តទាំង២៥ទូទាំងប្រទេស បានចាប់បដិសន្ធិ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៨ ដោយកាត់ យកស្រុកមួយចំនួនពីរស្រុកបាត់ដំបង ដែលមានទីរួមខេត្តស្ថិតនៅ ក្នុងក្រុងសិរីសោភ័ណ ជាចំណុច ប្រសព្វគ្នា រវាងផ្លូវជាតិលេច៥ លេខ៦ លេខ៥៦ និងផ្លូវដែក ១ខ្សែ ពីភ្នំពេញទៅប៉ោយប៉ែត ដែលកំពុង ដំណើរការសាងសង់ ឲ្យដំណើរការ នាដើមឆ្នាំ២០១៧ ។ ខេត្តនេះ មានព្រំប្រទល់ ជាប់និងប្រទេសថៃ ជាប់ខេត្តបាត់ដំបង ខេត្តឧត្តមានជ័យ ខេត្តសៀមរាប មានស្រុក-ក្រុងចំនួន៩ លើផ្ទៃដីសរុប ៦.៦៧៩គីឡូម៉ែត្រការ៉េ មានប្រជាពលរដ្ឋ ១៨១.០០៦គ្រួសារ ។

លោក បានបន្ត ឲ្យដឹងទៀតថា ដោយមានការគាំទ្រពី រដ្ឋាភិបាលពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍប្រទេស ហើយអនុញ្ញាតឲ្យមានតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តបន្ទាយមានជ័យ ធ្វើឲ្យប្រជាពលរដ្ឋ ក្នុងខេត្តនេះ មានការងារធ្វើ មានចំណូលសមរម្យ មិនចំណាកស្រុក ។

តំបន់សេដ្ឋកិច្ចដែល កើតមាននៅក្នុងខេត្តបន្ទាយមានជ័យ មានចំនួន២ គឺតំបន់សេដ្ឋកិច្ចអូនាង មាន៥ក្រុមហ៊ុនវិនិយោគ កំពុងដំណើរការ លើវិស័យផលិត ប្រអប់គ្រឿងអលង្កា និងវិស័យវាយនភណ្ឌ ប្រើប្រាស់កម្មករ១.៣៤១នាក់ ក្រៅតំបន់សេដ្ឋកិច្ចពិសេស មានក្រុមហ៊ុនចំនួន២ កំពុងដំណើរការផលិត គ្រឿងអេឡិចត្រូនិក និងស្រោមពួករថយន្ត ប្រើប្រាស់កម្មករ ១.២១១នាក់ និង៣ក្រុមហ៊ុនទៀត នៅកណ្តាលទីរួម ខេត្តបន្ទាយមានជ័យ កំពុងដំណើរការ លើវិស័យវាយនភណ្ឌ និងម៉ាស៊ីនកិនស្រូវ ប្រើប្រាស់កម្មករ ១.៥៦៣នាក់ ។

តាមរយៈឧស្សាហកម្មទាំងនេះ បានប្រែក្លាយតំបន់ដាច់ស្រយាល និងស្ងាត់ជ្រងំ និងជាតំបន់សមរភូមិ គ្មានមនុស្សនៅ ទៅជាតំបន់អ៊ូអរ ពេញ ទៅដោយការអភិវឌ្ឍលើ ហេដ្ឋារចនាសម្ព័ន្ធ គ្រប់បែបយ៉ាង ជាពិសេសតំបន់ប៉ោយប៉ែត ។ ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងនាមលោក ជាអាជ្ញាធរខេត្ត បានធ្វើការសម្របសម្រួលដល់ ការវិនិយោគ និងបន្តទាក់ទាញវិនិយោគមកបណ្ដាក់ទន់ បន្ថែមទៀត ការចុះអនុសារណៈយោគយល់គ្នា រវាងខេត្តបន្ទាយមានជ័យ និងបណ្តាខេត្តក្នុងប្រទេសដទៃទៀត ដែលបានចុះ MOU ជាមួយគ្នា ។

បន្ថែមលើការខិតខំ សម្របសម្រួលទាក់ទាញ វិនិយោគទន់នេះផងដែរ លោកបានសំណូមពរ ដល់ប្រជាពលរដ្ឋក្នុងស្រុក ត្រូវប្រើឲ្យអស់សក្ដានុពលទាំងវិស័យសេដ្ឋកិច្ច កសិកម្ម និងឧស្សាហកម្ម កាត់បន្ថយការចំណាក់ស្រុក ដោយងាកមកលើការងារទាំងអស់នេះវិញ ៕

តំបន់សេដ្ឋកិច្ចពិសេស (1) តំបន់សេដ្ឋកិច្ចពិសេស (2) តំបន់សេដ្ឋកិច្ចពិសេស (3) តំបន់សេដ្ឋកិច្ចពិសេស (4) តំបន់សេដ្ឋកិច្ចពិសេស (5)

មតិយោបល់