ភ្នំពេញៈ យុវជនម្នាក់ដែលមានឈ្មោះ ឈិន ឡុង ត្រូវបាន បុរសម្នាក់ ប្រើដាវកាប់ជនរងគ្រោះ បណ្ដាលឲ្យ រងរបួសដេរ ជាច្រើនថ្នេរ ហើយជាលទ្ធផល ត្រូវកម្លាំង នគរបាលប៉ុស្ដិ៍ឫស្សីកែវ ខណ្ឌឫស្សីកែវ ឃាត់ខ្លួន ដោយដកហូតវត្ថុតាង ដាវ១ដើម។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវរថភ្លើង ស្ថិតក្នុងក្រុមទី៩ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
បើតាមលោក វរសេនីយ៍ត្រី ចាន់ ពៅ អធិការរង ខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ជនសង្ស័យដែល ត្រូវឃាត់ខ្លួន មានឈ្មោះ ធន់ សុភ័ណ្ឌ ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលក្បែរគ្នា នៅចំណុចកើតហេតុខាងលើ ។ រីឯជនរងគ្រោះមានឈ្មោះ ឈិន ឡុង ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរជាសិស្ស ស្នាក់នៅផ្ទះលេខ០៩១ ផ្លូវរថភ្លើង ស្ថិតក្នុងក្រុមទី៩ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោកបានបញ្ជាក់ទៀតថា ពីដំណើររឿងមុនឈានទៅបង្ក្រាប និងក្រោយឃាត់ខ្លួនជនសង្ស័យថា ពួកគេទាំង២នាក់ មានជម្លោះនិងគ្នា បន្ទាប់មកជនត្រូវសង្ស័យ បានទាញដាវទៅកាប់ជនរងគ្រោះ បណ្ដាលឲ្យរងរបួសតែម្ដង ។
លោកវរសេនីយ៍ត្រី បានបន្តថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ តាមទូរស័ព្ទរបស់ម្ដាយជនរងគ្រោះភ្លាម កម្លាំងសមត្ថកិច្ច របស់លោក ក៏បានចុះអន្តរាគមន៍ ដល់ទីតាំងកើតហេតុដើម្បីស៊ើបសួរ និងឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងដាវសាំម៉ូរ៉ៃ១ដើម ដោយពាក់ព័ន្ធ ករណីហឹង្សាដោយចេតនា ។
បច្ចុប្បន្ន ជនសង្ស័យពាក់ព័ន្ធ ករណីហឹង្សាដោយចេតនា រួមជាមួយវត្ថុតាង ត្រូវបញ្ជូនទៅបន្តឃុំខ្លួន នៅអធិការដ្ឋាន នគរបាល ខណ្ឌឫស្សីកែវ ដើម្បីកសាងសំនុំរឿង បន្តតាមនិតិវិធីរបស់ អយ្យការសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕
មតិយោបល់