ព័ត៌មានជាតិ

លោក ពេជ្រ វណ្ណា ចុះពង្រឹងចំណងសាមគ្គីភាពជាមួយភាគីថៃ

បាត់ដំបង: លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយរងទីចាត់ការការងារព្រំដែន និងជាអគ្គបញ្ជាការការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃបានដឹកនាំប្រតិភូអញ្ជើញចុះទៅជួបពិភាក្សាការងារមួយចំនួន និងបន្តរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរឡើង ដែលពិធីនេះបានប្រព្រឹត្តឡើងកាលពីព្រឹកថ្ងៃទី២៥  ខែសីហា ឆ្នាំ២០១៦ នៅក្នុងទឹកដី ស្រុកអារញ្ញប្រាក់ថេត ខេត្តស្រះកែវ ប្រទេសថៃ។

ក្នុងឱកាសនោះដែរ គេសង្គេតឃើញថា ភាគីថៃ គឺមានវត្តមានលោកឧត្តមសេនីយ៍ត្រី តាន់សាន់ទីភុង ថាំម៉ាក់ពីយ៉ាក់ មេបញ្ជាការកងកម្លាំងបូព៌ា មេបញ្ជាការកងពលលេខ២ និងជាប្រធានការិយាល័យ  ទំនាក់ទំនងព្រំដែនថៃ-កម្ពុជា អស់លោកថ្នាក់ឧត្តមសេនីយ៍ និងជាមេបញ្ជាការតាមបន្ទាត់ព្រំដែនចាប់ពីខេត្តត្រាតដល់ខេត្ត អ៊ូប៊ុន។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា បានលើកសរសើរដល់ភាគីថៃ អំពីការរឹតចំណងសាមគ្គីភាពនាពេលកន្លងមក  ដែលកាន់តែស្អិតរមួតទ្វេឡើងរវាងប្រទេសទាំងពីរ។ ហើយលោកក៏បានស្នើសុំដល់កម្លាំងការិយាល័យទំនាក់ទំនងព្រំដែនថៃ-កម្ពុជា ធ្វើយ៉ាងណាជួយសម្រួលដល់ការនាំចេញនូវកសិផល ពិសេសគឺ ដំណាំកសិកម្មដែលប្រជាពលរដ្ឋខ្មែរបង្កបង្កើនផលបាន ហើយខ្វះខាតទីផ្សារ ។

ម៉្យាងទៀតចំពោះពលករដែលលួចឆ្លងដែនខុសច្បាប់ទៅធ្វើការនៅក្នុងប្រទរសថៃទោះបីជាការធ្វើដំណើរចូលតាមច្រកអន្តរជាតិក្តី ឬតាមច្រកតំបន់ក្តី គឺសុំឲ្យភាគីថៃជួយទប់ស្កាត់ ដើម្បីឲ្យពួកគាត់ត្រឡប់មកធ្វើច្បាប់ឲ្យបានត្រឹមត្រូវ។

លោកឧត្តមសេនីយ៍ ក៏បានក្រើនរំលឹកដល់ភាគីថៃ អំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀង MOU នាពេលកន្លងមក  គឺធ្វើយ៉ាងណាត្រូវចេះអធ្យាស្រ័យ និងយោគយល់ដល់ប្រជាពលរដ្ឋដែលលួចឆ្លងដែនចូលទៅកាប់ឈើ គឺមេត្តាកុំបាញ់សម្លាប់ ឬធ្វើទារុណកម្មឲ្យសោះ ត្រូវធ្វើទៅតាមផ្លូវច្បាប់របស់ប្រទេសនីមួយៗចុះ ។ រាល់សំណូមពរខាងលើនេះ ក្នុងឱកាសនោះដែរ ភាគីថៃបានយល់ព្រម និងឯកភាពទាំងស្រុងរាល់សំណើរទាំងអស់នេះ  ដើម្បីធ្វើយ៉ាងណាឲ្យមានភាពសុខសាន្តនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ សម្រាប់ប្រជាពលរដ្ឋទាំងពីរប្រទេសដែលរស់នៅតាមខ្សែបន្ទាត់នេះ ។

ជាចុងក្រោយឲ្យការិយាល័យទំនាក់ទំនងព្រំដែននៃប្រទេសទាំងពីរ បានធ្វើការប្រគល់វត្ថុអនុស្សាវរីយ៍ដល់គ្នាទៅវិញទៅមក  ប្រកបដោយបរិយាកាសរីករាយក្រៃលែង៕

កម្ពុជា-ថៃ (13)

កម្ពុជា-ថៃ (1)

កម្ពុជា-ថៃ (2)

កម្ពុជា-ថៃ (3)

កម្ពុជា-ថៃ (4)

កម្ពុជា-ថៃ (5)

កម្ពុជា-ថៃ (6)

កម្ពុជា-ថៃ (7)

កម្ពុជា-ថៃ (8)

កម្ពុជា-ថៃ (9)

កម្ពុជា-ថៃ (10)

កម្ពុជា-ថៃ (11)

កម្ពុជា-ថៃ (12)

មតិយោបល់