បើតាមរបាយការណ៍ផ្លូវការ ករណីឆ្លងកូវីដថ្មីនៅក្នុងប្រទេសឥណ្ឌា ធ្លាក់ថយចុះមកវិញបន្តិចនៅប៉ុន្មានថ្ងៃថ្មីៗនេះ ដោយថយពីចំនួនជាង ៤០០ ០០០ ករណីកាលពីថ្ងៃសុក្រ ទី៣០ មេសា មកជាង ៣០០ ០០០ករណីជាប់ៗគ្នា ៣-៤ ថ្ងៃកន្លងមកនេះ។
ជាការពិត គេសង្កេតឃើញថា នៅសប្តាហ៍ចុងក្រោយនេះ ករណីឆ្លងកូវីដថ្មីនៅឥណ្ឌាបានធ្លាក់ចុះ ជាមធ្យមនៅក្រុងដែលី រដ្ឋអ៊ូតា ប្រាដេស (Uttar Pradesh) និង រដ្ឋម៉ាហារ៉ាសត្រា (Maharashtra) ដែលសុទ្ធតែជាចំណុចក្តៅផ្ទុះមានការឆ្លងរាតត្បាតកូវីដខ្លាំង។
ក៏ប៉ុន្តែ ក្រុមអ្នកជំនាញផ្នែកសុខាភិបាល បានលើកឡើងថា អ្នកឆ្លងពិតប្រាកដ នៅទូទាំងប្រទេសឥណ្ឌា មានច្រើនជាងតួលេខផ្លូវការ ពោលគឺអាចមានចំនួនច្រើនជាងតួលេខផ្លូវការ ពី ៥ ទៅ ១០ ដង។ ចំណែកឯអ្នកស្លាប់វិញ អាចមានខ្ពស់ជាងតួលេខផ្លូវការពី ២ ទៅ ៥ ដងឯណោះ។
សព្វថ្ងៃនេះ ការធ្វើតេស្តរកជំងឺកូវីដនៅតាមបណ្តាក្រុងនានារបស់ប្រទេសឥណ្ឌា មិនទាន់មានលក្ខណៈទូលំទូលាយដូចគ្នានោះទេ ហើយនៅក្រុងខ្លះដូចជាក្រុងដែលីជាដើម ការធ្វើតេស្តរកកូវីដបានធ្លាក់ចុះនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ស្ថិតក្នុងកាលៈទេសៈដែលការធ្វើតេស្តនៅមិនទាន់គ្រប់គ្រាន់ ដូចពេលបច្ចុប្បន្ននេះ គេយល់ឃើញថា វាហាក់បីដូចជាឆាប់រហ័សពេក ក្នុងការនិយាយថា ករណីឆ្លងកូវីដនៅឥណ្ឌាមានការថយចុះនោះ។
មតិយោបល់