ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យកសិដ្ឋានចិញ្ចឹមសត្វនៅតាមរាជធានី\ខេត្ត

ភ្នំពេញៈ ក្រោយពីទទួលបានតំណែងជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ឋាប្រមាញ់និងនេសាទមក គេសង្កេតឃើញសកម្មភាពរបស់លោក វេង សាខុន មមាញឹកក្នុងការចុះពិនិត្យ តំបន់កសិកម្ម ទីតាំងរដ្ឋបាលព្រៃឈើ និងកសិដ្ឋានចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋស្ទើគ្រប់បណ្តាខេត្ត ព្រមទាំងជម្រុញឱ្យពលរដ្ឋបង្កើនការយកចិត្តទុកដាក់ចិញ្ចឹមដោយគិតគូរពីការពង្រឹងនូវគុណភាព និងសុខភាព។

ចេញពីខេត្តមួយទៅខេត្តមួយរដ្ឋមន្រ្តីរូបនេះ បានបន្តដំណើរចុះពិនិត្យ និងស្វែងយល់ពីការរីកចម្រើននៃកសិដ្ឋាន ទាំងខ្នាតតូច មធ្យម និងខ្នាតធំ ដូចជា កសិដ្ឋានចិញ្ចឹម កង្កែប មាន់ ទា ជ្រូក គោ និងតំបន់កសិកម្ម ជាដើម ដើម្បីធ្វើការផ្ទៀងផ្ទាត់មើលឡើងវិញ ពាក់ព័ន្ធទៅនឹងការត្អូញត្អែររបស់ប្រជាកសិករមួយចំនួន ដែលបានបញ្ចេញមតិតាមរយៈបណ្តាញហ្វេកបុកថា ការចិញ្ចឹមសត្វកន្លងមកមិនទទួលបានប្រាក់ចំណេញ ដោយមូលហេតុទីផ្សារ និងមិនអាចធ្វើការប្រគួតប្រជែងទីផ្សារជាមួយការនាំចូលពីប្រទេសជិតខាងបាន។

ពលរដ្ឋជាច្រើនដែលប្រកបការងារចិញ្ចឹមសត្វបានបង្ហាញការពេញចិត្តពេញថ្លើម ចំពោះការយកចិត្តទុកដាក់ពីរដ្ឋមន្រ្តីរូបនេះ សមដូចពាក្យចាស់ពោលថា “ មិនបានឱ្យអ្វីក៏បានដែរ ឱ្យតែចុះសួរនាំ និងជួបមុខគ្នា ផ្តល់គំនិតយោបល់ប៉ុណ្ណឹងក៏អស់ចិត្តដែរ”កុំធ្វើធំខ្ពើមដី មិនដឹងពីសុខទុក្ខ ដឹងតែសង្ងំបញ្ជាគេឯងពីក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ មិនសមជាមេដឹកនាំនោះទេ។

ក្រោយពីការធ្វើកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល គេសង្កេតឃើញថា រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជាច្រើនមានសកម្មភាពគួរឱ្យកត់សម្គាល់ ប៉ុន្តែយ៉ាងណាក៏នៅមានមន្រ្តីឡេមឡឺម អេបអប ចាំស៊ីឡាក់មួយចំនួន ក៏នៅតែមិនធ្វើអ្វីដដែលជាដដែល ទោះជាដូរឱ្យទៅកាន់ស្ថាប័ន ក្រសួងមន្ទីរអ្វីក៏ដោយ។

យ៉ាងណាក៏ដោយកសិករឱ្យដឹងថា ការចញ្ចឹមសត្វរបស់គាត់គឺជាការចិញ្ចឹមជាលក្ខណៈគ្រួសារ ហើយមានភាពឯករាជ្យដាច់ពីក្រុមហ៊ុនផ្គត់ផ្គង់ចំណី និងសាច់សត្វក្នុងស្រុក ហើយការចិញ្ចឹមរបស់គាត់ពុំដែលមានបញ្ហាប្រឈម ដូចជាជម្ងឺអ្វីមួយមករាត្បាតបានឡើយ ដោយគាត់បានយល់ដឹងពីបច្ចេកទេសនៃការចិញ្ចឹមនេះខ្ពស់តាមរយៈមន្រ្តីផលិកម្ម និងបសុព្យាបាល និងខណ្ឌរដ្ឋបាលជលផល៕

photo_2016-05-25_15-06-53 photo_2016-05-25_15-06-54photo_2016-05-25_14-50-00 photo_2016-05-25_14-49-58

មតិយោបល់