ព័ត៌មានជាតិ

កម្មករខ្មែរសម្លាប់ថៅកែនៅថៃ ប្លន់យកគ្រឿងអលង្ការ

បាត់ដំបង: ស្រ្តីម្នាក់ដែលជាឃាតករប្លន់សម្លាប់នៅក្នុងទឹកដីថៃ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកបវេល ធ្វើការឃាត់ខ្លួននៅចំណុចភូមិដំណាក់ដង្កោ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង  បន្ទាប់ពីមុខសញ្ញារូបនេះបានធ្វើសកម្មភាពសម្លាប់ថៅកែស្រីខ្លួនឯង ដើម្បីប្លន់យកគ្រឿងអលង្ការ ហើយបានគេចខ្លួនវិលត្រឡប់ចូលមកក្នុងទឹកដីកម្ពុជាវិញ។

គួរបញ្ជាក់ថា តាមការសារភាពរបស់ជនសង្ស័យឈ្មោះ អ៊ឹម រ៉ាន់ ភេទស្រី អាយុ៤៧ឆ្នាំរស់នៅត្រង់ចំណុចឃាត់ខ្លួនខាងលើ បានរៀបរាប់នូវរឿងហេតុទាំងអស់ថា កន្លងមកខ្លួន គឺជាកម្មករធ្វើការនៅក្នុងខេត្តស្រះកែវ ប្រទេសថៃ ជាមួយនឹងថៅកែស្រីម្នាក់ឈ្មោះ សេម នឹម ភេទស្រី អាយុ៧៥ឆ្នាំ ជាជនជាតិខ្មែរ រស់នៅក្នុងប្រទេសថៃ ដោយបានប្តីជាជនជាតិថៃ។

ជនសង្ស័យបានរៀបរាប់បន្តថា កាលពីថ្ងៃទី១៤  ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៦ល្ងាចខ្លួនបានល្បួងជនរងគ្រោះឲ្យធ្វើដំណើរទៅចម្ការអំពៅជាមួយខ្លួនដែលស្ថិតនៅខាងលិចផ្ទះប្រហែល១០០០ម៉ែត្រ ដោយនៅទីនោះមានឈ្មោះ កយ ភេទប្រុស អាយុ៣០ឆ្នាំជាជនជាតិខ្មែរ ជាអ្នកនៅចាំសម្លាប់ ដោយប្រើប្រាស់កាំបិត និងដំបង ហើយក៏មានការជួលឲ្យសម្លាប់ពីឈ្មោះ ចយ ជាជនជាតិថៃផងដែរ ដោយក្នុងគ្រោងការសម្លាប់នេះខ្លួនបានទទួលប្រាក់ចំនួន ២០០០បាត។

ក្រោយពីល្បួងបានហើយ និងក្រោយពីសម្លាប់បានសម្រេចហើយនោះ ខ្លួនបានគេចខ្លួនវិលត្រឡប់មកកម្ពុជាវិញ ដោយបានគិតថា គ្មានអ្នកណាដឹងនោះឡើយ ព្រោះវាមិនមែននៅក្នុងទឹកដីកម្ពុជា ប៉ុន្តែនៅទីបំផុតក៏ត្រូវបានកម្លាំងប៉េអឹមស្រុកឃាត់ខ្លួនតែម្តង។

ដោយសារតែការសារភាពនេះ វាបានប្រាស់ចាកពីរឿងហេតុ ដែលបានកើតឡើងនៅឯប្រទេសថៃ ទើបកម្លាំងបានធ្វើការសាកសួរម្តងទៀត ក៏បានធ្លាយអាថ៌កំបាំង ដោយស្ត្រីរូបនេះ គឺជាឃាតកសម្លាប់ដោយផ្ទាល់ដៃតែម្តង ព្រមទាំងបានប្រមូលនូវគ្រឿងអលង្ការ ដែលជនរងគ្រោះពាក់ជាប់នៅនឹងខ្លួនរួចគេចមកស្រុកកំណើតវិញ ព្រមទាំងបានយកគ្រឿងអលង្ការទាំងនោះទៅលាក់នៅលើហ៊ឹងក្នុងផ្ទះឈ្មោះ ប្រែង ហ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិឃុំជាមួយគ្នា ដោយសមត្ថកិច្ចបានរកឃើញមាសទាំងនេះ ត្រូវបានជនសង្ស័យលាក់នៅក្នុងថង់ផ្លាស្ទិកពណ៌ខ្មៅ ដោយក្នុងនោះមានខ្សែកមាស១ខ្សែ រួមនឹងបន្តោង១ ខ្សែដៃមាស១ខ្សែ  ក្រវិលកិប មាស១គូ និងចិញ្ចៀនមាស១វង់ ដែលរបស់ទាំងអស់នេះគឺជារបស់ជនរងគ្រោះសុទ្ធសាធ។

បច្ចុប្បន្នក្រោយពីទទួលបាននូវចម្លើយសារភាព និងរកឃើញនូវវត្ថុតាងផងនោះកម្លាំងកងរាជអាវុធហត្ថកំពុងរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់វិធានការតាមផ្លូវច្បាប់៕

សម្លាប់ថៅកែថៃ (1)

សម្លាប់ថៅកែថៃ (2)

មតិយោបល់