បាត់ដំបងៈ អាជ្ញាធរថៃបញ្ជូនសពពលការិនីខ្មែរម្នាក់ ឲ្យត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីនារីរូបនេះ កើតជំងឺប្រចាំកាយ រហូតព្យាបាលលែងកើត បានស្លាប់ នៅក្នុងប្រទេសថៃកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនេះ។
ពលការិនីម្នាក់ ដែលបានចូលទៅបម្រើការជាកម្មករនៅក្នុងប្រទេសថៃ គឺនៅក្នុងខេត្តឈុនបុរី ហើយបានស្លាប់ដោយសារជំងឺ ក្អួតធ្លាក់ឈាម កាលពីថ្ងៃទី២៥ ខែសីហា ម្សិលមិញនេះ ទើបនៅម៉ោង២និង១៧នាទី រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ គឺសពពលការិនីរូបនេះ បានបញ្ជូនមកដល់ទឹកដីកម្ពុជាវិញហើយ តាមច្រកអន្តរជាតិដូង ក្នុងទឹកដីស្រុកកំរៀង ខេត្តបាត់ដំបង។
បើតាមការអះអាងពីក្រុមគ្រួសារ ក៏ដូចជាសាច់ញាតិដែលទៅចាំទទួលសពបានបញ្ជាក់ថា ពលការិនីរូបនេះ មានឈ្មោះ នួន ចន្ទ្រា ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិបឹងសង្កែ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ដោយបានទៅធ្វើការនៅក្នុងប្រទេសថៃ ការស្លាប់នេះ អាចបណ្ដាលមកពីនាងធ្វើការលើសកម្លាំង ទើបនាងក្អួតធ្លាក់ឈាមរហូតដល់ស្លាប់បែបនេះ។
បច្ចុប្បន្នសពនារីរងគ្រោះ ត្រូវបានក្រុមគ្រួសារសាច់ញាតិមកទទួលយកទៅកាន់លំនៅឋានវិញហើយ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់