ខេត្តបាត់ដំបង ៖ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម នៅថ្ងៃព្រហស្បត្តិ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១២នឹង៥០នាទី នៅចំណុចក្រុមទី១២ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាំបិតផ្គាក់) មួយបានកើតឡើង បង្កដោយជនសង្ស័យម្នាក់ឈ្មោះ ប៉ែល សាវ៉ើន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានយកកាំបិតផ្គាប់កាប់មកលើជនរងគ្រោះម្នាក់ឈ្មោះ បុង វណ្ណៈ ភេទប្រុស អាយុ ៤៣ឆ្នាំ (ត្រូវជាពូថ្លៃ) រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្ដាលឱ្យរងរបួសត្រង់កខាងឆ្វេង (រងរបួសធ្ងន់) ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។
បន្ទាប់ពីពេលកើតហេតុ ជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ចនគរបាលស្រុកថ្មគោល និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋានស្រុកថ្មគោល ដឹងនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល ធ្វើការឃាត់ខ្លួនជនសង័្សយខាងលើនឹងដកហូតបាន កាំបិតផ្គាក់ផ្លែដែកដងឈើចំនួន០១ ប្រវែង ៨០សង់ទីម៉ែត្រ។ ក្រោយឃាត់ខ្លួនជនសង្ស័យម្នាក់បានសារភាពថា មូលហេតុនៃអំពេីហិង្សារហូតឈានដល់ការប្រេីប្រាស់កាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះនេះគឺដោយសារទំនាស់ពាក្យសម្តីនឹងគ្នា។
ករណីនេះ ជនសង្ស័យខាងលេីត្រូវបាននគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕


មតិយោបល់