ព័ត៌មានជាតិ

បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ នៅក្រុងច្បារមន

កំពង់ស្ពឺ÷ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃសៅរ៍ ១១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២២និង១៥នាទី នៅលើផ្លូវជាតិលេខ៤៤ គីឡូម៉ែត្រលេខ០៦-០៧ ត្រង់ចំណុចភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ បណ្តាលឲ្យមនុស្សចំនួន៣នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុ ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ ០១គ្រឿង ម៉ាកHONDA DREAM  125CC ពណ៌ខ្មៅ  ស៊េរី២០១៩ ពាក់ផ្លាកលេខកំពង់ស្ពឺ 1M-3559 អ្នកបើកបរឈ្មោះ ភន ណាក់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិច្រកបានសុខ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតទៅទិសខាងលិច លុះពេលមកដល់ត្រង់ចំណុចដូចខាងលើ បានទៅបុកជាមួយម៉ូតូ ០១គ្រឿង ម៉ាកHONDA DREAM 125CC ពណ៌ខ្មៅ ស៊េរី២០១៩ ពាក់ផ្លាកលេខកំពង់ស្ពឺ1M-1431 អ្នកបើកបរឈ្មោះ ជា ធឺន ភេទប្រុស អាយុ៣៨ឆ្នាំ និងអ្នករួមដំណើរ០១នាក់ ឈ្មោះ ហុង ប៊ុន្ថា ភេទប្រុស អាយុ៤២ឆ្នាំ ទាំងពីរនាក់រស់នៅភូមិលាក់អន្លូង ឃុំរលាំចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងតែបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យឈ្មោះ ភន ណាក់  ឈ្មោះ ជា ធឺន និងឈ្មោះ ហុង ប៊ុន្ថា ស្លាប់នៅនឹងកន្លែងកើតហេតុ ។
ក្រោយពីកើតហេតុសមត្ថកិច្ចធ្វើការវាស់រួច សាកសពទាំងបីនាក់ខាងលើ បានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងម៉ូតូ ០២គ្រឿង បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់