ព័ត៌មានជាតិ

ជនសង្ស័យចំនួន១៣នាក់ ត្រូវបានកម្លាំងនគរបាលក្រុងព្រះសីហនុ ស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីលួច ទទួលផលចោរកម្ម កាន់កាប់រក្សាទុកប្រើប្រាស់អាវុធខុសច្បាប់…

ព្រះសីហនុ:យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលបានឲ្យដឹងថា ជនសង្ស័យចំនួន១៣នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្រើដាវកាប់ប្លន់យកម៉ូតូ, លួចកាច់បំបែកសោរ ក ម៉ូតូ និងកាច់បំបែកសោរលួចរថយន្ត), ទទួលផលចោរកម្ម, កាន់កាប់រក្សាទុកប្រើប្រាស់អាវុធខុសច្បាប់ និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៥នឹង០០ នាទីទៀបភ្លឺ មានប្រជាពលរដ្ឋបានរាយការណ៍ថា មានជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចម៉ូតូ០១គ្រឿង ម៉ាក Scoopy ផលិតឆ្នាំ២០២០ ពណ៌ស នៅចំណុចម្ដុំសេតេ ស្ថិតនៅក្រុម១២ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ បន្ទាប់ពីទទួលព័ត៌មាននេះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវចាប់ឃាត់ខ្លួនបានជនសង្ស័យ០១នាក់ ភេទប្រុស ជនជាតិខ្មែរ និងដកហូតបានវត្ថុតាង ម៉ូតូដែលបាត់ខាងលើ។ បន្ទាប់ពីសាកសួរជនសង្ស័យរួច កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បន្តការស្រាវជ្រាវ រហូតចាប់ខ្លួនខ្លួនបានជនសង្ស័យចំនួន០៩នាក់ ភេទប្រុស បន្ថែមទៀត ជាបន្តបន្ទាប់ និងដកហូតបានវត្ថុតាង អាវុធខ្លី១ដើម, ម៉ូតូ ០៥គ្រឿង, គ្រឿងបន្លាស់ម៉ូតូមួយចំនួន, ម្សៅក្រាមពណ៌សថ្លាមួយចំនួន និងសម្ភារមួយចំនួន យកមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីសាកសួរ និងបន្តការស្រាវជ្រាវរហូតដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យ០៣នាក់ ភេទប្រុស បន្ថែមទៀត ជាបន្តបន្ទាប់។ ក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន ១៣នាក់ ភេទប្រុស។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
-ម៉ូតូ ០១គ្រឿង ម៉ាក Scoopy ផលិតឆ្នាំ២០២១ ពណ៌ស គ្មានស្លាកលេខ (ផលនៃអំពើចោរកម្ម)
-ម៉ូតូ ០១គ្រឿង ម៉ាក Scoopy ផលិតឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខក្លែងបន្លំ “កំពត 1U-7709” (ផលនៃអំពើប្លន់)
-ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ផលិតឆ្នាំ២០១៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ (ផលនៃអំពើប្លន់)
-ម៉ូតូ ០១គ្រឿង ម៉ាក ស្មាស់វី ពណ៌ខ្មៅ គ្មានផ្លាកលេខ (ផលនៃអំពើចោរកម្ម)
-ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ផលិតឆ្នាំ២០១៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ (ផលនៃអំពើចោរកម្ម)
-រថយន្ត ០១គ្រឿង ម៉ាក HYUNDAI Porter ផលិតឆ្នាំ២០០១ ពណ៌ស ផ្លាកលេខ: ភ្នំពេញ 2AV-7041 (ផលនៃអំពើចោរកម្ម)
-ម៉ូតូ ០១គ្រឿង ម៉ាក M-SLAZ ពណ៌ខ្មៅ ផ្លាកលេខ: ភ្នំពេញ 1H-4901
-ម៉ូតូ ០១គ្រឿង ម៉ាក វេវឆ្លាម ពណ៌ក្រហម គ្មានផ្លាកលេខ -អាវុធខ្លី ០១ដើម ម៉ាក ZAVODI CRVENA ZASTAVA ពណ៌ទឹកប្រាក់ មានលេខសម្គាល់: 88303 ,បង់ ០១
-គ្រាប់កាំភ្លើងប្រភេទ 9mm ចំនួន ០៨គ្រាប់
-ដុំសោរម៉ូតូ ០១
-កញ្ចក់ម៉ូតូមួយចំនួន
-កម្បាំងម៉ូតូមួយចំនួន
-តែម និងសម្ភារសម្រាប់តុបតែងក្លែងភេទម៉ូតូមួយចំនួន
-ម៉ារវេនម៉ូតូ០២
-សោរដោះ ,ដង្កាប់, ទួឡឺវីស ,កន្ត្រៃ និងឧបករណ៍សម្រាប់ដោះកែច្នៃម៉ូតូ មួយចំនួន
-កូនកាំបិតស្នៀត ០១
-ទូរស័ព្ទដៃ ១៨គ្រឿង
-ម្សៅក្រាម ពណ៌សថ្លាមួយចំនួន (សង្ស័យជាសារធាតុញៀន)
-ជញ្ជីងថ្លឹង ០១គ្រឿង
-ថង់សម្រាប់វេចខ្ចប់មួយចំនួន
-សម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
-សម្ភារផ្សេងៗមួយចំនួន ។
ជនសង្ស័យទាំង ១៣នាក់ ខាងលើ បានប្រព្រឹត្តិបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ប្រើដាវកាប់ប្លន់យកម៉ូតូ ,លួចកាច់បំបែកសោរ ក ម៉ូតូ និង កាច់បំបែកសោរលួចរថយន្ត) សរុបចំនួន ០៧ករណី ។
បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់