ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីឆក់កាបូបប្រជាពលរដ្ឋតាមផ្លូវ…

សៀមរាប:យោងតាមផេកអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមបានឲ្យដឹងថា ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ។
តាមរយ:ការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាលោក គិម វណ្ណ: អភិបាលស្រុកសូទ្រនិគម ព្រមទាំងដឹកនាំជំនាញដោយលោកវរសេនីយ៍ឯក នួន សក្ដិចម្រើនឫទ្ធិ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ, កម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានដេញប៉ផាប់ចាប់ពភីង ជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូ ០១ គ្រឿង ធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះនៅចំណុចលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប វេលាម៉ោង ១៨:០០នាទី ។ បន្ទាប់ពីធ្វើសកម្មភាពឆក់ភ្លាម ជនសង្ស័យបានព្យាយាមជិះម៉ូតូគេចយ៉ាងលឿនឆ្ពោះទៅទឹកដីស្រុកប្រាសាទបាគង ដូច្នេះក្រុមការងារសូទ្រនិគមបានស្នើសុំកិច្ចសហការជាមួយអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានបញ្ចេញកម្លាំងប្រដេញរហូតឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ បាននៅវេលាម៉ោង ១៨:៣០នាទី នៅចំណុចភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

*ជនរងគ្រោះឈ្មោះ ទ ត ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ មន្រ្តីរាជការ អាសយដ្ឋានបច្ចុប្បន្ននៅភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

*ជនសង្ស័យចំនួន ០២នាក់ :
១- ឈ្មោះ ខាត់ កក្កដា ភេទប្រុស អាយុ ២៣ឆ្នាំ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្បន្ននៅភូមិអន្លង់ស្តី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
២- ឈ្មោះ យន គឹមហេង ភេទប្រុស អាយុ ២២ឆ្នាំ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្បន្ននៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ករណីខាងលើនេះ សមត្ថកិច្ចយើងបានធ្វើកំណត់ហេតុដកហូតសម្ភារវត្ថុតាង (កាបូប) ដែលមានលុយខ្មែរមួយចំនួន,ទូរសព្ទ័ដៃ ០១គ្រឿង, ខ្សែដៃ ០១ខ្សែ និងខ្សែក ០១ខ្សែ ប្រគល់ជូនជនរងគ្រោះវិញរួចហើយ ព្រមទាំងបានរៀបចំកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យ ទៅការិយាល័យជំនាញខេត្តសៀមរាបដើម្បីបន្តនីតិវិធី ៕

មតិយោបល់