ភ្នំពេញៈ ជនសង្ស័យម្នាក់មានវ័យទើបតែ ១៩ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចខេត្តកណ្តាល ឃាត់ខ្លួនបាន ជាមួយគ្រឿងញៀន មួយកញ្ចប់ ដែលរូបគេ អះអាងថា ទើបតែទិញ ពីឈ្មោះ ភារុណ ជាមេជួញដូរធំជាងគេប្រចាំភូមិប្រវឹងពង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងទើបតែចេញពីគុកថ្មី ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដែរ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ គ្រី យ៉ា ភេទប្រុស អាយុ១៩ ឆ្នាំជនជាតិខ្មែរឥស្លាម មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិត្រពាំងឈូក ឃុំព្រះស្រែ ស្រុកឧត្តុង្គខេត្តកំពង់ស្ពឺ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីម៉ោង ៧យប់ទី២២ ខែតុលា ឆ្នាំ២០១៧
នៅចំណុចភូមិត្រពាំងធ្នង់ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។
នៅពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទ ម្សៅក្រាមពណ៌សថ្លា សង្ស័យថា ជាគ្រឿងញៀនមេតំហ្វេតាមីន ចំនួន ១កញ្ចប់តូច និងប្រាក់រៀលចំនួន ៤០០០០ រៀល។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន សារភាពថា គ្រឿងញៀននេះ រូបគេយកមកលក់ឱ្យ មេធំ ឈ្មោះ ភារុណ ដែលជាមេខ្លោងជួញដូរគ្រឿងប្រចាំតំបន់ភូមិប្រឹកពង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលទើបតែចេញពីគុកថ្មីៗ។
ជនសង្ស័យបន្ដថា ឈ្មោះ ភារុណ ជាមេខ្លោងប្រាប់ឱ្យខ្លួនលក់គ្រឿងញៀននោះ ក្នុងតម្លៃ ១០ម៉ឺនរៀល។
គួររំលឹកថា ឈ្មោះ ភារុណ ត្រូវបានសមត្ថកិច្ចស្រុកឧដុង្គ នៃខេត្តកំពង់ស្ពឺ ឃាត់ខ្លួន កាលពីអំឡុងឆ្នាំ២០១៦ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន។
ក្រោយមកឈ្មោះ ភារុណ ត្រូវបាន តុលាការខេត្តកំពង់ស្ពឺ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់រយៈពេល ២ឆ្នាំ ប៉ុន្តែអនុវត្តទោសត្រឹមតែ មួយឆ្នាំ។
បន្ទាប់ពីបានចេញពីគុកវិញ ឈ្មោះ ភារុណ បានក្លាយទៅជា មេខ្លោងជួញដូរគ្រឿងញៀន កាន់តែសកម្ម និងធំជាងមុន នៅក្នុងភូមិ សាស្ត្រ ភូមិប្រវឹកពង និងភូមិផ្សេងៗទៀតដែលនៅក្បែរគ្នាដោយមិនញញើតសមត្ថកិច្ចក្នុងតំបន់ឡើយ។
យោងតាមការឱ្យដឹងពីប្រភពអ្នកភូមិ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះឈ្មោះ ភារុណ បានរត់គេចខ្លួនបាត់ស្រមោលហើយ៕
មតិយោបល់