ព័ត៌មានជាតិ

បុរសម្នាក់ លួចលុយមិត្តភក្កិជាង៦ពាន់ដុល្លារ ត្រូវបានចាប់ខ្លួន

ភ្នំពេញៈ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចលុយមិត្តភក្កិជាង៦ពាន់ដុល្លារ ហើយគេចខ្លួនបាត់អស់រយៈពេលជាង២០ថ្ងៃ ក៏ត្រូវជនរងគ្រោះប្រទះឃើញចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលធ្វើការសាកសួរ។ ហេតុការណ៍ចាប់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៩៖១៥នាទី យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចម្ដុំស្តាតអូឡាំពិត ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនខាងលើនេះ មានឈ្មោះ អុន សុផានិត ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះលេខ១២៣អឺ៣ ផ្លូវលេខ២១៧ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា។ ចំណែកឯជនរងគ្រោះមានឈ្មោះ តាន់ ទី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាអគ្គនាយកសារព័ត៌មាន ស្នាក់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ សម្ភារៈដែលបាត់បង់រួមមានលុយក្នុងកាបូបចំនួន៦៣០០ដុល្លារសហរដ្ឋអាមេរិក។

សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យ និងជនរងគ្រោះជាមិត្តភក្កិនឹងគ្នា បាននាំគ្នាចូលក្លឹបកម្សាន្តលេខ៥៥ នៅក្នុងសង្កាត់ចតុមុខ ខណៈនោះជនរងគ្រោះបានទៅបន្ទប់ទឹក ដោយបានទុកកាបូបដៃនៅខាងក្រោមតុ ជនសង្ស័យជាមិត្តភក្កិឃើញក៏ធ្វើសកម្មភាពលួចយកកាបូបដៃរបស់ជនរងគ្រោះគេចខ្លួនបាត់តែម្តង។ លុះដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៦ ជនរងគ្រោះបានប្រទះឃើញជនសង្ស័យនៅម្ដុំស្តាតអូឡាំពិត ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ទើបឃាត់ខ្លួនជនសង្ស័យយកមកប្រគល់ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចតុមុខ តែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចតុមុខ កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងបញ្ជូនបន្តទៅតុលាការចាត់ការតាមនីតិវិធី៕

លួចលុយមិត្តភ័ក្តិ 27-08-16

មតិយោបល់