ព័ត៌មានជាតិ

ករណីរថយន្តបុកម៉ូតូឆ្លងផ្លូវបណ្តាលអោយបុរសម្នាក់ស្លាប់ នៅស្រុកភ្នំក្រវាញ…

ពោធិ៍សាត់:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថា នៅថ្ងៃចន្ទ៩កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១០និង០៩នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍(រថយន្តបុកម៉ូតូបើកឆ្លងផ្លូវ)នៅលើផ្លូវជាតិលេខ៥៥ចន្លោះគីឡូម៉ែត្រលេខ១២–១៣ ចំណុចមុខផ្ទះឈ្មោះ ជួប ណែម ស្ថិតនៅភូមិដំណាក់អំពិលឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៨ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1AL-3316 បើកបរដោយឈ្មោះ ជ​ សឿន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិកោះធំ ឃុំស្តុកបរវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង នឹងអ្នករួមដំណើរ០១នាក់ ត្រូវជាប្រពន្ធឈ្មោះ ថន ម៉ាប់ អាយុ៥២ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំជាមួយគ្នា លុះមកដល់ចំណុចកើតហេតុខាងលើបានជិះចេញពីក្នុងភូមិ ហើយបានឆ្លងផ្លូវពីកើតទៅលិច ក៏ស្រាប់តែមានរថយន្ត០១គ្រឿងម៉ាកហ៊ីយិនដាយពណ៌ខៀវ សេរី២០០២ ពាក់ស្លាកលេខកំពង់ធំ 3A-1813 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ ណឹប ប៉ុង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកបើកបររថយន្ត រស់នៅភូមិធ្លាម្អម ឃុំបឹងកន្តួត ស្រុកក្រគរខេត្តពោធិ៍សាត់បានបុកម៉ូតូចំពីចំហៀងខាងស្តាំម៉ូតូ បណ្តាលអោយជនរងគ្រោះឈ្មោះ ថន ម៉ាប់ រងរបួសធ្ងន់ សមត្ថកិច្ចនឹងក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពបាក់ចិញ្ចៀន ដោយសាររបួសធ្ងន់ធ្ងរពេកជនរងគ្រោះត្រូវបានស្លាប់នៅក្នុងមណ្ឌលសុខភាព ចំណែកអ្នកបើកបរម៉ូតូពុំមានរងរបួសអ្វីទេ។
លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថាបន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តា អ្នកបើកបរម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន រីឯរថយន្តនឹងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីដោះស្រាយ​តាមនីតិវិធី៕

មតិយោបល់