ព័ត៌មានជាតិ

ម្ចាស់ទុកទូរសព្ទ័ហោប៉ៅខោខាងក្រោយហើយកំពុងជិះម៉ូតូធ្វើដំណើរស្រាប់តែជនសង្ស័យឆក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ខេត្តតាកែវ ៖ នៅថ្ងៃ ចន្ទ ១ រោច ខែ បឋមាសាឍ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ១២ និង ៤០ នាទី មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) កើតឡើងតាមបណ្តោយផ្លូវកៅស៊ូ ស្ថិតនៅភូមិត្រពាំងអង្គ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យចំនួន ០២នាក់ ១/.ឈ្មោះ យឿន ស៊ីហុង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាល័ង្គរាជា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ២/.ឈ្មោះ ម៉ាក សារីម ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាល័ង្គរាជា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ប្រើប្រាស់មធ្យោបាយម៉ូតូចំនួន ០១គ្រឿង ធុនយ៉ាម៉ាហា អុឹមស្លាស 150 ពាក់ផ្លាកលេខ ភ្នំពេញ 1AS-0607 បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក សាមសុង A13 ពណ៌ប្រផេះក្រម៉ៅ របស់ជនរងគ្រោះឈ្មោះ សោ សុខហេង ភេទស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិត្រពាំងឈូក ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដែលទុកនៅហោប៉ៅខោខាងក្រោយ ខណ:ពេលដែលជនរងគ្រោះកំពុងជិះម៉ូតូធ្វើដំណើរតាមបណ្តោយផ្លូវ ក្រោយធ្វើសកម្មភាពជនសង្ស័យជិះម៉ូតូរត់គេចខ្លួនបាត់ ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ដោយមានការចង្អុលបង្ហាញ ពី លោក ឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង សម្របសម្រួលនីតិវិធី ពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និង​ បញ្ជា​ផ្ទាល់​ ពី​ លោក​ វរសេនីយ៍ឯក​ ឆាយ​ កែវមុន្នី​ អធិការ​ នៃអធិការដ្ឋាននគរបាលស្រុកបាទី​ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងលាវ​និង​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នំក្រពើ នៃអធិការដ្ឋាននគរបាលស្រុកគងពិសី ឃាត់ខ្លួនបានជនសង្ស័យ ទាំង២នាក់បាននៅវេលាម៉ោង ១៦ និង ០០ នាទី ថ្ងៃខែឆ្នាំដដែល នៅចំណុចភូមិបាល័ង្គរាជា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងដកហូតវត្ថុតាងម៉ូតូចំនួន ០១គ្រឿងធុនយ៉ាម៉ាហា អុឹមស្លាស 150 ពាក់ផ្លាកលេខ ភ្នំពេញ 1AS-0607 ទូរស័ព្ទដៃចំនួន ០១គ្រឿងម៉ាក សាមសុង A13 ពណ៌ប្រផេះក្រម៉ៅ (របស់ជនរងគ្រោះឈ្មោះ សោ សុខហេង) និងម្សៅក្រាមពណ៌សថ្លា(សារធាតុញៀន)ចំនួន ០១កញ្ចប់ ។បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី រីឯទូរស័ព្ទ បានប្រគល់ជូនជនរងគ្រោះវិញរួច។

មតិយោបល់