ភ្នំពេញៈ កម្លាំងគណបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក គួច ចំរើន បានបន្តបើកយុទ្ធការបង្រ្កាបការជួញដូរ និងប្រើប្រាស់ថ្នាំញៀនជាក់ស្តែងកាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅ ផ្លូវ១៤៨ កែងផ្លូវលេខ៥ សង្កាត់ផ្សារកណ្តាល១ ក្បែរទីរួមផ្សារកណ្តាល ក្នុងសង្កាត់ផ្សារកណ្តាល១ខណ្ឌដូនពេញ ដោយឃាត់ខ្លួនជនសង្ស័យ៧នាក់ ស្រី៣នាក់ និងវត្ថុតាងថ្នាំញៀនមួយចំនួនធំផងដែរ។
លោក ថោង ពិសិដ្ឋ មេបញ្ជាការអាវុធហត្ថខណ្ឌដូនពេញបានឲ្យដឹងថា កន្លងមកនៅប្លុករោងចក្រឆ្នាំង និងប្លុកផ្លូវរថភ្លើងជាប់ព្រំប្រទល់សង្កាត់ស្រះចក ខណ្ឌដូនពេញ និងខណ្ឌទួលគោក គឺកម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានបន្តប្រតិបត្តិការបង្រ្កាបក្រុមជនសង្ស័យជួញដូរ និងប្រើប្រាស់ថ្នាំញៀនបន្តបន្ទាប់ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាច្រើននាក់ ព្រមទាំងដកហូតវត្ថុតាងថ្នាំញៀនជាច្រើនកញ្ចប់បញ្ជូនទៅដាក់គុកអស់ហើយ។
លោកមេបញ្ជាការខណ្ឌដូនពេញបានបន្តទៀតថា ដោយការចាប់បង្រ្កាបមុខសញ្ញាជួញដូរទាំងនោះនៅមិនទាន់ប្រមូលអស់នោះ ទើបនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦នេះ ទើបលោក គួច ចំរើន អភិបាលខណ្ឌដូនពេញបានដឹកនាំកម្លាំងកងរាជអាវុធហត្ថនិងកម្លាំងសាលាខណ្ឌចុះបង្រ្កាបជាក់ស្តែងនៅចំណុចកើតហេតុ ដោយឃាត់ខ្លួនបានមនុស្សចំនួន៧នាក់(ស្រី៣នាក់)និងវត្ថុតាងដែលប្រមូលបាននៅនឹងកន្លែងរួមមាន៖គ្រឿងញៀនបានចំនួន២០កញ្ចប់តូចរួមទាំងប្រដាប់ប្រដាប្រើប្រាស់មួយចំនួនទៀត។
ក្រោយពីឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅសួរនាំនៅទីបញ្ជាការអាវុធហត្ថខណ្ឌរួចកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធី៕
មតិយោបល់