ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីលួចខ្សែភ្លើងដោយយកកាំបិតខ្វែវកាប់លើជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់…

សៀមរាប:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថា ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៤និង០៥នាទី ដោយបានការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណី អំពើលួច (ប្រើប្រាស់អំពើហិង្សា កាប់ដោយកាំបិតខ្វែវ) នៅចំណុចស្ថិតក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ស្ថិតក្នុងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ជនរងគ្រោះឈ្មោះ HUANG RAO ភេទប្រុស (របួសធ្ងន់) អាយុ២៧ឆ្នាំ ជនជាតិចិន បច្ចុប្បន្នស្នាក់នៅ និងធ្វើការនៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។ ក្រោយពីបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ចុះធ្វើការស៊ើបអង្កេត ស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ វ៉ាន់ វេន ហៅ វិន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ននៅភូមិថ្នល់ចែក ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពថា គេពិតជាបានធ្វើសកម្មភាព លួចខ្សែភ្លើង និងប្រើប្រាស់អំពើហិង្សាដោយយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ។

ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕

មតិយោបល់