ព័ត៌មានជាតិ

ជើងខ្លាំងជំនាញខាងឆក់កាបូប ទូរស័ព្ទ ២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកំពង់ត្របែក តាមក្របួចបាន…

ខេត្តព្រៃវែង:ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក រាយអន្ទាក់ពួនស្ទាក់ និងដេញតាមចាប់ខ្លួនបាន ក្រោយធ្វើសកម្មភាពឆក់កាបូប ពីស្ដ្រីម្នាក់ ដែលធ្វើដំណើរមកពីមន្ទីរពេទ្យនៅខេត្តស្វាយរៀង ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៥ និង ៤០នាទីរសៀល ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចលើផ្លូវលំ ស្ថិតក្នុងភូមិគ្រើល ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ជនរងគ្រោះមានឈ្មោះ ឯម សាវិន ភេទស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិគ្រើល ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ រីឯជនសង្ស័យ ២នាក់ ដែលត្រូវបានចាប់ខ្លួន ទី១ ឈ្មោះ ឈ្មោះ ចាន់ ចិត្ត ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិសំរោង ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និង ទី២ ឈ្មោះ ស៊ាប តុលា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

គួរបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ឯម សាវិន បានធ្វើដំណើរទៅមន្ទីរពេទ្យខេត្តស្វាយរៀង ជាមួយកូនស្រីម្នាក់ឈ្មោះ សៀក ស្រីមុំ អាយុ៣៣ឆ្នាំ ឌុបខ្លួនទៅពេទ្យ ពេលឌុបខ្លួនដល់ចំណុចវត្តអំពិល ខ្លួនជិះម៉ូតូមិនកើត ក៍បានហៅឡានជិះទៅពេទ្យស្វាយរៀងបន្ត រីឯកូនខ្លួនវាជិះម៉ូតូពីក្រោយ ឡានទៅដែរ ។ លុះដល់វេលាម៉ោងប្រហែល ១៥ និង ១៥នាទី ខ្លួនបានត្រឡប់មកផ្ទះវិញដោយជិះរថយន្តមកដល់ចំណុចវត្តអំពិលទើបចុះពីឡាន ពេលនោះកូនខ្លួនឈ្មោះ សៀក ស្រីមុំ បានឌុបខ្លួនមកផ្ទះវិញ ពេលជិះមកដល់ខាងត្បូងវត្តអំពិល មានម៉ូតូ ០១គ្រឿង ពណ៌ខ្មៅ ឌុបគ្នាពីរនាក់ ជិះពីក្រោយខ្លួន ពេលនោះពួកវាបានជិះឆាបម៉ូតូកូនខ្លួន មិនដឹងចេញទៅណាទេ លុះដល់ពេលកូនខ្លួនឌុបខ្លួនមកជិតដល់ផ្លូវបត់ចូលភូមិគ្រើល ព្រុំប្រទល់ភូមិពោធិ៍ ឃុំប្រធាតុ ស្រាប់តែឃើញម៉ូតូខាងលើនោះ ឌុបគ្នាមកពីក្រោយខ្លួនពេលមកទន្ទឹមម៉ូតូខ្លួន ក៏បានធ្វើសកម្មភាព ឆក់ថង់ក្រណាត់ ពណ៌ខ្មៅ របស់ខ្លួន ដោយនៅក្នុងថង់នោះរួមមាន៖ កាបូបដៃ០១ មានលុយដុល្លារចំនួន ៥០ដុល្លារ, លុយខ្មែរចំនួន ១០០.០០០រៀល, ក្រវិលផ្លាកទីន ០១គូ, សៀវភៅគ្រួសារ ០១ក្បាល, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១, ទូរស័ព្ទដៃចំនួន ០១គ្រឿង, ថ្នាំពេទ្យ០៤ ថង់ និងឯកសាររបស់ពេទ្យផ្សេងៗមួយចំនួនទៀត រួចជនសង្ស័យក៏បានជិះគេចខ្លូនបាត់ស្រមោល ហើយខ្លួនក៏បានមកដាក់ពាក្យបណ្ដឹង ដើម្បីឱ្យនគរបាលជួយអន្តរាគមន៍ តាមចាប់ខ្លួនជនសង្ស័យខាងលើ ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងនគរបាលស្រុកកំពង់ត្របែក បានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីស្រាវជ្រាវ កំណត់មុខសញ្ញា ស្ទាក់ និងដេញតាមជនសង្ស័យរហូតដល់ចំណុចភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ទើបចាប់ឃាត់ខ្លួនជនសង្ស័យបានតែម្ដង ។

នៅចំពោះមុខនគរបាល ជនសង្ស័យទាំង ២នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះពិតប្រាកដមែន ។ ហើយជនសង្ស័យឈ្មោះ ចាន់ ចិត្ត បានសារភាពទៀតថា កន្លងមក ខ្លួនធ្លាប់បានធ្វើសកម្មភាពលួច និងឆក់ បានចំនួន ៣លើកហើយ ដោយលើកទី១ នៅក្នុងរដូវភ្ជុំបិណ្ឌឆ្នាំមុននេះ (ថ្ងៃខែមិនចាំ ឆ្នាំ២០២២) ខ្លួនបានលួចគាស់ហិបដាក់លុយនៅមុខព្រះ ក្នុងវត្តសំរោង ឃុំជ្រៃ ស្រុកកំពង់ត្របែក បានលុយចំនួន ១០០.០០០រៀល
លើកទី២. នៅថ្ងៃ ខែ មិនចាំក្នុងឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១២ថ្ងៃត្រង់ ខ្លួនបានជិះម៉ូតូម្នាក់ឯង ទៅដល់ចំណុចខាងកើតវត្តជ្រៃ ក្បែរស្ពានសាងស្នេហ៍ ខ្លួនបានឆក់យកទូរស័ព្ទ ០១គ្រឿង ម៉ាក OPPO ពីសិស្សសាលាស្រីម្នាក់ ដែលជិះម៉ូតូស្ពាយកាតាបរៀនពីក្រោយ ហើយទុកទូរស័ព្ទនៅពីក្រោយខ្លួនឆក់បានហើយ ជិះម៉ូតូគេចខ្លួនរួចខ្លួនបានយកទូរស័ព្ទនោះទៅលក់នៅផ្សារបេង ឃុំព្រៃពោន បានចំនួន ២១០.០០០រៀល លុះដល់ល្ងាចថ្ងៃដដែល ស្រាប់តែម្ចាស់ទូរស័ព្ទបានស្គាល់ខ្លួនបានទៅដល់ផ្ទះខ្លួន ហើយខ្លួនក៏បានទៅលួសទូរសព្ទ័នោះមកសងម្ចាស់គេវិញ ។ ចុងក្រោយលើកទី៣ នេះ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ប្រហែល ៣ និង ៣០នាទីរសៀល ខ្លួនមានគ្នា ០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក YAMAHA MSLAZ ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកម៉ូតូដោយឈ្មោះ ស៊ាប តុលា (ជនសង្ស័យខាងលើ) ខ្លួនអង្គុយពីក្រោយមកដល់ចំណុចកើតហេតុខាងលើ បានឃើញជនរងគ្រោះខាងលើ ជិះម៉ូតូឌុបគ្នា ដោយមានស្រីអង្គុយខាងក្រោយកាន់កាបូបដៃមួយ ពួកខ្លួនបានដេញតាមទាន់ជិះម៉ូតូវ៉ាមកទន្ទឹមគ្នា និងម៉ូតូពួកគាត់ រួចហើយខ្លួនបានធ្វើសកម្មភាពឆក់យកកាបូបដៃនោះ រួចព្យាយាមជិះគេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងនគរបាលដេញតាមពីក្រោយរហូតឃាត់ខ្លួនពួកខ្លួនបានតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ រួមនិងវត្ថុតាង ត្រូវបានចាប់ខ្លួន និងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់