ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ជនសង្ស័យប្រុសស្រី៤នាក់ករណីលួចម៉ូតូនិងគាស់ហាងលក់ទូរសព្ទយ៉ាងសកម្ម នៅស្រុកគិរីវង់…

តាកែវ:ថ្ងៃច័ន្ទ១៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៦:១០នាទី កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកគិរីវង់ចេញល្បាតប្រទះឃើញមុខសញ្ញាខិលខូចឈ្មោះ សឿន ថុនា ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ជាមុខសញ្ញាលួចសកម្មមួយក្នុងមូលដ្ឋានដែលសមត្ថកិច្ចយើងកំពុងតាមដាន ហើយដោយសមត្ថកិច្ចយើងក្តាប់បានថា: នៅនឹងផ្ទះជនសង្ស័យ មានសំភារៈឧបករណ៍មិនប្រក្រតីដែលបំរើអោយសកម្មភាពបទល្មើស។ ពេលនោះសមត្ថកិច្ចក៏បាននាំជនសង្ស័យមកធ្វើការសាកសួរហើយក៏សុំការអនុញ្ញាតពីលោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ដើម្បីសុំឆែកឆេរផ្ទះជនសង្ស័យពេលឆែកឆេរ យើងរកឃើញសំភារៈនឹងវត្ថុតាងពាក់ព័ន្ធបទល្មើសជាច្រើន រួមមានដូចជា ស្លាកលេខម៉ូតូចំនួន០៧ ប្រដាប់កាច់សោរកម៉ូតូ នឹង ប្រដាប់ឆ្កឹសសោរផ្ទះ កាំមារ៉ាសុវត្ថភាពចំនួន០៤ នឹងសម្ភារៈសំរាប់កែច្នៃម៉ូតូមួយចំនួនធំព្រមទាំង សំបកទូរស័ព្ទមួយចំនួនធំទៀត។ ក្រោយឆែកឆេររួចជនសង្ស័យក៏បានឆ្លើយសារភាពថា: រូបខ្លួនពិតជាបានធ្លាប់ធ្វើសកម្មភាពល្មើសដូចជា:
-ធ្លាប់លួចម៉ូតូនៅភ្នំពេញ ចំនួន០២ករណី មិនចាំថ្ងៃខែជាមួយឈ្មោះដា ហៅ អ៊ុយក្រែនមិនស្គាល់ទីលំនៅ។
-លួចម៉ូតូថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នៅភូមិប្រជ្រាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ វេលាម៉ោង០៣នឹង៥០នាទីជាមួយឈ្មោះដា ហៅ អ៊ុយក្រែន។
-លួចថ្ងៃទី០៨នៅភូមិព្រៃធំ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ គាស់ហាងលក់ទូរស័ព្ទដៃវេលាម៉ោង២៤(ដោយលួចជាមួយឈ្មោះដា ហៅអ៊ុយក្រែន)។ រីឯបញ្ហាស្លាកលេខម៉ូតូគឺឈ្មោះចិត្រនឹងឈ្មោះដួងបានលួចម៉ូតូមកពីភ្នំពេញទុកនៅផ្ទះរបស់ខ្លួន ហើយចំណែកទីលំនៅរបស់ឈ្មោះចិត្រនឹងឈ្មោះដួងជនសង្ស័យមិនស្គាល់ទីលំនៅរបស់ពួកគេទេ។ ក្រោយពីបានស្តាប់ចម្លើយរបស់ជនសង្ស័យខាងលើរួចមក សមត្ថកិច្ចយើងបានស្រាវជ្រាវស្វែងរកមុខសញ្ញាដែលពាក់ព័ន្ធខាងលើបានចំនួន០៣នាក់បន្ថែមទៀត មានឈ្មោះដូចខាងក្រោម:
១.ឈ្មោះ គួន លីដា (ហៅ អ៊ុយក្រែន) ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិទួលពង្រ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។
២.ឈ្មោះ អ៊ុំ គីមហ័ង ភេទស្រី អាយុ១៤ឆ្នាំ មានទីលំនៅសង្កាត់បឹងសាឡាង ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។
៣•ឈ្មោះ សុផានិត អាយុ២២ឆ្នាំ រស់នៅភូមិកំពង់ ឃុំព្រៈបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។បន្ទាប់មកជនសង្ស័យទាំង០២នាក់ខាងលើ បានឆ្លើយសារភាពថាខ្លួនពិតមានការពាក់ព័ន្ធជាមួយឈ្មោះ សឿន ថុនា ក្នុងករណីលួចកន្លងមកពិតប្រាកដមែន។
បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងស្រាវជ្រាវរកមុខសញ្ញាដែលពាក់ព័ន្ធនឹងកសាងសំណុំរឿងតាមនីតិវិធី។

មតិយោបល់