រតនគិរីៈ រហូតមកទល់នឹងពេលនេះ សមត្ថកិច្ចនគរបាលស្រុកអូរយ៉ាដាវ បាន និងកំពុងស្វះស្វែងតាមរកចាប់ខ្លួនបុរសម្នាក់ ជាជនសង្ស័យក្នុងករណីរំលោភសេពសន្ថវៈ លើកុមារីជនជាតិដើមភាគតិច មានអាយុ៧ឆ្នាំ ហើយគេចខ្លួនបាត់ស្រមោល។ សមត្ថកិច្ចបញ្ជាក់ថា រហូតមកទល់ថ្ងៃទី២៨ ខែសីហានេះ គឺមានរយៈពេលជាង១សប្ដាហ៍ហើយ ដែលជនសង្ស័យបានគេចខ្លួន ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចកំណត់បានអត្ដសញ្ញាណជនសង្ស័យផងដែរ។
មន្ត្រីនគរបាលស្រុកអូរយ៉ាដាវ ប្រាប់ Post News នៅថ្ងៃទី២៨ ខែសីហានេះថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានបើកការស្រាវជ្រាវជាបន្ទាន់ ហើយកំណត់បានអត្តសញ្ញាណជនសង្ស័យម្នាក់ ឈ្មោះ ហ៊ុន ហួរ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅក្នុភូមិឃុំជាមួយក្មេងស្រីរងគ្រោះ និងមានស្រុកកំណើតនៅភូមិទួលសំបូរ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តកំពង់ចាម។ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះអាយុ៧ឆ្នាំ ជាជនជាតិដើមភាគតិច រស់នៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ខណៈដែលក្មេងស្រីនៅផ្ទះម្នាក់ឯង។ ពេលនោះ ជនសង្ស័យហៅក្មេងស្រីរងគ្រោះទៅមើលទូរទស្សន៍នៅផ្ទះរបស់ខ្លួន ទើបនាងយល់ព្រមទៅជាមួយ ហើយជនសង្ស័យបានធ្វើសកម្មភាពរំលោភក្មេងស្រីរហូតបានសម្រេច រួចគំរាមសម្លាប់ក្មេងស្រីរងគ្រោះ ប្រសិនបើហ៊ានប្រាប់ឪពុកម្តាយ។
មន្ត្រីនគរបាលបន្ថែមថា ក្រោយពេលកើតហេតុ ឪពុកម្តាយក្មេងស្រីរងគ្រោះមានការសង្ស័យចំពោះកូនស្រី ដែលមានសភាពខុសប្លែកពីធម្មតា ហើយក៏សួរកូន(ក្មេងស្រីរងគ្រោះ) ទើបកូនស្រីប្រាប់ឪពុកម្តាយពីការពិតដែលជនសង្ស័យបានធ្វើមកលើរូបនាង។ បន្ទាប់មកឪពុកម្តាយក្មេងស្រីរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសោមធំ ដើម្បីឲ្យជួយតាមចាប់ខ្លួនជនសង្ស័យតែម្ដង។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកអូរយ៉ាដាវ កំពុងតាមចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
មតិយោបល់