ភ្នំពេញៈ ស្នេហាតាមហ្វេសប៊ុកបោកទាំងចិត្តបោកទាំងម៉ូតូ យុវជនម្នាក់បានស្គាល់នារីម្នាក់តាមរយៈហ្វេសប៊ុករហូតឈានដល់បង្កាត់ជាភ្លើងស្នេហាស្រលាញ់គ្នាបាន៥ខែ ក៏ចង់បែកចិត្ត បែកទាំងគំនិតស៊ីដាច់ម៉ូតូនារីជាសង្សារយកទៅដាក់បញ្ចាំបាន២ថ្ងៃ ក៏ត្រូវនារីជាសង្សារ ប្តឹងអាវុធហត្ថខណ្ឌចំការមនឲ្យចាប់ខ្លួនបុរសជាសង្សារនៅក្នុងក្លឹបថប់ កាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យុវជនដែលបោកចិត្តលួចទាំងម៉ូតូនារីជាសង្សាមានឈ្មោះ ជា សីហា អាយុ១៩ឆ្នាំ ចំណែកខាងស្រីឈ្មោះ ជួរ ផល្លី អាយុ១៨ឆ្នាំ។ ចំណែកម៉ូតូនារីរងគ្រោះដែលខាងប្រុសស៊ីដាច់យកទៅដាក់បញ្ចាំបាន២ថ្ងៃនោះម៉ាក់ស្មាសវីស៊េរី២០១៤។
តាមការឲ្យដឹងពីនារីរងគ្រោះឲ្យដឹងថា មុនពេលកើតមានរឿងបែបនេះ គឺនាងបានស្គាល់បុរសជាសង្សារនេះតាមរយៈហ្វេសប៊ុករហូតឈានដល់បង្កើតបានជាភ្លើងស្នេហាស្រលាញ់គ្នាបានរយៈពេល៥ខែ។ ស្រាប់តែនៅយប់ថ្ងៃទី២៥ បុរសជាសង្សារនោះបានឌុបនាងដើរលេងរួចក៏ឈប់ម៉ូតូ រួចឲ្យនាងឈរចាំនៅកន្លែងមួយហើយថា ជិះទៅទិញបារីជក់មួយភ្លែត ពេលនោះនាងក៏ឈរចាំបាត់..ៗ តេទូរស័ព្ទក៏មិនលើក ទើបនាងដឹងថា បុរសជាសង្សារនាងចង់ស៊ីដាច់ម៉ូតូនាងហើយ។ ពេលនោះនាងក៏ទៅដាក់ពាក្យប្តឹងនៅអាវុធហត្ថខណ្ឌចំការមនឲ្យជួយស្វែងរករយៈពេល២ថ្ងៃ ក៏មកប្រទះឃើញបុរសជាសង្សារនោះនៅក្នុងក្លឹបថប់ តាមបណ្តោយផ្លូវ២៧១ ហើយនាងក៏ប្តឹងទៅអាវុធហត្ថខណ្ឌចំការមនឲ្យមកចាប់ខ្លួនតែម្តង។
ក្រោយពេលអាវុធហត្ថខណ្ឌចំការមនចាប់ខ្លួនយកមកសួរនាំបុរសជាសង្សារនោះបានសារភាពថា ខ្លួនពិតជាបានយកម៉ូតូនាងពិតមែន ហើយខ្លួនបានយកម៉ូតូនោះទៅដាក់បញ្ចាំបាត់ហើយ។
បច្ចុប្បន្នជនសង្ស័យត្រូវបានអាវុធហត្ថខណ្ឌចំការមនឃាត់ខ្លួននៅបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕


មតិយោបល់