ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីឃាតកម្មឪពុកសម្លាប់កូនខ្លួនឯង នៅផ្លូវ៣១០…

ភ្នំពេញ:ដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ
-នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង ៣០ នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្សាររន្ទះបាញ់ ផ្លូវឌឿហែម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ឃាតកម្មគិតទុកជាមុន (បោកសម្លាប់កូនខ្លួនឯង) នៅចំណុចលើដំបូលបន្ទប់ទឹក ក្ដាកុងផ្លាកេ ផ្ទះជួលលេខ១ ផ្លូវលេខ៣១០ ភូមិ១ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី២១-១០-២០២៣ វេលាម៉ោងប្រហែល១៦និង៣០នាទី បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដើម្បីចាត់ការតាមនីតិវិធី ៖

-ជនសង្ស័យឈ្មោះ ភួង ភី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់ផ្ទះជួលគ្មានលេខ ផ្លូវ៣១០ ភូមិ១ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មុខរបរ រើសអេតចាយ (មានសារធាតុញៀន)។

-សពក្មេងរងគ្រោះឈ្មោះ ស៊ឹម សុខយុទ្ធ ភេទប្រុស អាយុ២ឆ្នាំ ស្នាក់នៅផ្ទះលេខ១ បន្ទប់គ្មានលេខ ផ្លូវលេខ៣១០ ភូមិ១ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

-យោងតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីគ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ សន្និដ្ឋានបានថា ក្មេងរងគ្រោះ ស្លាប់ដោយសារប៉ះទង្កិចក្បាលធ្ងន់ធ្ងរ (បែករលាក្បាល) ដោយអំពើ ឃាតកម្មគិតទុកជាមុន ។ បន្ទាប់មកសមត្ថកិច្ចយើងបានប្រគល់សពក្មេងរងគ្រោះ អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

-បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ។

មតិយោបល់