ព័ត៌មានជាតិ

សម្រេចឃុំខ្លួនមេខ្យល់ម្នាក់ បម្រុងនាំពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

បន្ទាយមានជ័យៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ លោក មុយ សុភ័ក្ក្រ បានសម្រេចឃុំខ្លួនមេខ្យល់ម្នាក់ ដែលត្រូវបាននគរបាលប្រឆាំងការជួញដូរមនុស្សរបស់ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៦ សីហា ២០១៦ ខណៈប្រើមធ្យោបាយរថយន្តរបស់ខ្លួនដឹកពលករ២នាក់ បម្រុងឆ្លងដែនខុសច្បាប់ ទៅប្រទេចថៃ ដោយចោទពីបទនាំចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងនាំឆ្លងដែន។

លោក អោក សំណុក នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការឃាត់ខ្លួនជនជាប់ចោទឈ្មោះ តន់ យ៉ន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាមួយ និងរថយន្តកាមរីស៊េរីឆ្នាំ១៩៩៦ ពាក់ស្លាកលេខសៀមរាប 2A-3273 ជាមួយនិងពលករ២នាក់ ដែលជននេះ បានដឹកមកពីខេត្តសៀមរាប ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ តាមច្រករបៀងអូរបីជាន់ រហូត បញ្ជូនទៅតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន គឺអនុវត្តតាមអនុសាសន៍សម្តេចក្រឡាហោម ស ខេង ក៏ដូចជាបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លើការទប់ស្កាត់នូវពលករចំណាកស្រុកដោយខុសច្បាប់ និងមេខ្យល់ លោកបានដឹកនាំកម្លាំង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបីជាន់ និងកម្លាំងនគរបាលការពារព្រំដែនគោក៩១១ ទើបធ្វើការបង្ក្រាបបាន។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ៥៧៦របស់ចៅក្រមស៊ើបសួរ មុយ សុភ័ក្ក្រ ក្នុងសេចក្តីសម្រេចលេខ២ រយៈពេល នៃការឃុំខ្លួនបណ្ដោះអាសន្នគិតចាប់ពីថ្ងៃទី២៨ ខែសីហា ២០១៦ និងមិនឲ្យហួសពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ លើកលែងតែដីកាបង្គាប់ឲ្យពន្យាពេលឃុំខ្លួន ឬដីការសម្រេចឲ្យជុំខ្លួនបណ្តោះអាសន្នរង់ចាំការជម្រះ។

ក្នុងនោះដែលនៅចំណុច៣ បង្គាប់ឲ្យប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ទទួលជននេះឃុំខ្លួន បណ្តោះអាសន្នរហូតមានសេចក្តីសម្រេចថ្មី៕

មេខ្យល់ (1)មេខ្យល់ (2)

មតិយោបល់