ព័ត៌មានជាតិ

ស្នេហាឆ្លងដែន!ករណីបុរសម្នាក់ដោយសារតែភ្លើងប្រចណ្ឌ័កើតជាហិង្សាបណ្តាលអោយជនរងគ្រោះរងរបួសត្រូវសមត្ថកិច្ចឃាត់…

បាត់ដំបង:កាលពីថ្ងៃទី ១៤ ខែ វិច្ឆិកាឆ្នាំ ២០២៣ អនុវត្តតាម​យោបល់បញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែន ការងារនគរបាលព្រហ្មទ័ណ្ឌលោកវរសេនីយ៍ឯក ផង់ សុភាព ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់ លោកវរសេនី​យ៍ឯក កោ ស៊ុនកាំង នាយការិយាល័យនគរបាល​ព្រហ្មនគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់ រួមនឹងលោក​នាយរងការិយាល័យ សហការជាមួយនគរបាលស្រុកមោងឫស្សី ដែលមានលោកវរសេនីយ៍ឯក ស គឹមឡុង ជាអធិការបានធ្វើការឃាត់ខ្លួនជនសង័្សយម្នាក់ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់​ទោស នាំមកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរ​នោះគឺឈ្មោះ សៀង សុខឃឿន ភេទប្រុស អាយុ ២៩ឆ្នាំនៅ ក្រុមទី៥ ភូមិវត្តចាស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ចំពោះមូលហេតុដែលនាំទៅដល់ការឃាត់ខ្លួននេះគឺយោងទៅតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារជនរងគ្រោះ ឈ្មោះ ឆេង កំសត់ ហៅទិត្យ សានីត ភេទប្រុសអាយុ ១៩ឆ្នាំ បានប្តឹងមកសមត្ថកិច្ចនគរបាល ថាកាលពីថ្ងៃទី ១០ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោងប្រមាណ២០និង០០នាទី យប់មានក្រុមជនសង័្សយ​មួយក្រុម ដែលក្នុងនោះមានវត្តមានរបស់ជនសង័្សយខាងលើនេះផងបានធ្វើ សកម្មភាពបង្កហិង្សាដោយអា-វុ-ធ ទៅលើជនរងគ្រោះខាងលើ នៅចំណុចខេត្តសមុទ្រប្រាកាន ក្នុងព្រះរាជាណា ចក្រថៃ រហូតបណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ត្រូវបាន​នាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯជនសង័្សយរូប​នេះ បានគេចខ្លួនមកមូលដ្ឋាននៅស្រុកមោងឫស្សី ដើម្បីគេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ចនៅប្រទេសថៃ ប៉ុន្តែពេលនេះត្រូវឃាត់ខ្លួនបានតែម្តង។

រហូតមកដល់ព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា បានបញ្ជាក់ថា ជន សង័្សយខាងលើបានឆ្លើយសារភាពនៅចំ​ពោះមុខសមត្ថកិច្ចថា រូបគេពិតជាបានធ្វើសកម្មភាពហិង្សាបែបនេះទៅ លើជនរងគ្រោះពិតប្រាកដមែន ដែលករណីនេះបង្កដោយសារតែភ្លើងប្រចណ័្ឌតែប៉ុ​ណ្ណោះ។

បច្ចុប្បន្នសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត​បាត់ដំបង កំពុងរៀបចំសំណុំរឿងបញ្ជូនទៅអយ្យការអមសាលា ដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ច្បាប់រីឯបក្សពួកផ្សេងទៀតកំពុងបន្តស្រាវជ្រាវ​ស្វែងរក​៕

 

មតិយោបល់